បរទេស៖លោក Thomas Modly ជាអគ្គមេបញ្ជការទ័ពជើងទឹកស្តីទី បាននិយាយថា គោលដៅនាវា៣៥៥គ្រឿង របស់ទ័ពជើងទឹកសហរដ្ឋអាមេរិក នៅតែជាគោលនយោបាយដ៏សកម្មមួយ ដែលត្រូវការគម្រោង នេះបើយោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI។
នៅក្នុងអំឡុងសន្និសីទកាសែតមួយ លោក Thomas Modly បានធ្វើការបញ្ជាក់ថា ទ័ពជើងទឹកនៅតែបន្តសម្លឹងសម្រេចឲ្យបាននូវកងនាវា ៣៥៥ គ្រឿង ប៉ុន្តែបានក្រើនរំលឹកថា ប្រសិនបើគោលដៅនេះត្រូវបានគេមើលស្រាលនោះ គម្រោងសម្រាប់ទំហំនៃកងនាវា ចាំបាច់ត្រូវតែធ្វើការកំណត់ទុក។
លោក Thomas Modly បាននិយាយប្រាប់វេទិកាការពារជាតិរបស់វិទ្យាស្ថានទ័ពជើងទឹកអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្ដាហ៍មុនថា “គោលដៅត្រូវបានគេនិយាយថា ជាគោលនយោបាយជាតិ ហើយវាក៏ជាគោលដៅ របស់លោកប្រធានាធិបតី នៅក្នុងអំឡុងពេលបោះឆ្នោតផងដែរ យើងមានគោលដៅនាវា ៣៥៥ គ្រឿង ប៉ុន្តែយើងមិនមានគម្រោងសម្រាប់នាវា៣៥៥គ្រឿងនោះទេ ដូច្នេះយើងចាំបាច់ត្រូវតែមានគម្រោង ហើយប្រសិនបើវាមិនមែនជានាវា៣៥៥គ្រឿងនោះទេ តើវានឹងទៅជាយ៉ាងណា និងវានឹងទៅជាសភាពបែបណា?”៕ប្រែសម្រួល៖ប៉ាង កុង