បរទេស: TheTelegraph ចេញផ្សាយនៅថ្ងៃចន្ទទី៩ខែធ្នូនេះ បានសរសេរថាយោធាអាមេរិក ប្រមាណជា២០០០នាក់ ត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរ នៅលើផ្លូវធំមួយក្នុងទីក្រុង Vicenza ប្រទេសអ៊ីតាលី បន្ទាប់ពីមានជម្លោះដ៏តានតឹងរវាងទាហាននិងអ្នកស្រុក។
ការហាមឃាត់ជាបណ្តោះអាសន្ននេះ នឹងធ្វើឲ្យជះឥទ្ធិពលដល់សមាជិក នៃកងពលតូចទ័ពអាកាសទី ១៧៣ ទាំងអស់ដែលកំពុងឈរជើងនៅក្នុងទីក្រុង ក្រោយហេតុការណ៍មួយដ៏គួរភ្ញាក់ផ្អើល ដែលយុវជនពីរនាក់បាននិយាយថាពួកគេ ត្រូវបានឡោមព័ទ្ធនិងវាយដំដោយទាហានជាច្រើននាក់ បន្ទាប់ពីការប៉ះពាល់ពាក្យសំដីគ្នានាពេលកន្លងមក។

គួរឲ្យដឹងដែរថាប្រជាជនចំនួន១១៣០០០នាក់ បច្ចុប្បន្នដែលកំពុងមានវត្តមានរស់នៅក្នុងទីក្រុង Vicenza ប៉ុន្តែមកដល់ពេលនេះ ទីនេះកំពុងត្រូវបានជ្រៀតជ្រែកភាគច្រើន ដោយវត្តមានរបស់ជនជាតិអាមេរិកាំង ប្រមាណជាជាង១២០០០ នាក់ដែលរួមមានទាំងសមាជិកគ្រួសារយោធា និងនិយោជិកនៃមូលដ្ឋានទ័ពចំនួន ២ ដែលស្ថិតនៅក្នុងទីក្រុង៕
ប្រែសម្រួល:ស៊ុនលី
