បរទេស៖អគ្គធិការនៃក្រសួងការពារជាតិ សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានបើកធ្វើការវាយតម្លៃ ចំពោះការប្រើប្រាស់បុគ្គលិកយោធារបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅតាមបណ្ដោយព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក។
អគ្គធិការស្តីទីរបស់ក្រសួងការពារជាតិអាមេរិក លោក Glenn Fine នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបញ្ជូនកំណត់ហេតុមួយ ទៅឲ្យថ្នាក់ដឹកនាំយោធាកំពូលៗ និងបានបង្ហាញថា ការត្រួតពិនិត្យឡើងវិញនេះ នឹងរួមបញ្ចូលទាំងការវាយតម្លៃ អំពីភាពស្របច្បាប់នៃការដាក់ពង្រាយបុគ្គលិកយោធា ដែលបានចាប់ផ្តើមធ្វើឡើងនៅចុងឆ្នាំ២០១៨ ក្រោមបទបញ្ជាពីលោក ត្រាំ ជួយដល់គយនិងកិច្ចការពារព្រំដែន ក្នុងដំណើរទប់ស្កាត់អន្តោប្រវេសន៍ខុសច្បាប់។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Glenn Fine បានមានប្រសាសន៍ថា ការត្រួតពិនិត្យឡើងវិញ កំពុងតែត្រូវបានធ្វើឡើង ដោយផ្អែកលើសំណើជាច្រើនដែលដាក់មកការិយាល័យរបស់លោក៕ប្រែសម្រួល៖ប៉ាង កុង