បរទេស៖ តំណាងសហរដ្ឋអាមេរិកប្រចាំនៅអង្គការ សហប្រជាជាតិ បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា សហរដ្ឋអាមេរិកមិនអាចបដិសេធ ពីភាពអាចទៅរួច ដែលកូរ៉េខាងជើងអាចនឹងប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលវាយប្រហារ ចម្ងាយឆ្ងាយផ្សេងទៀត នៅក្នុងតេស្តបន្ទាប់នោះទេ ហើយនេះគឺជាទង្វើមួយ ដែលគេទទួលស្គាល់ថា ជាការបង្កហេតុដ៏ធ្ងន់ធ្ងរ។
ឯកអគ្គរដ្ឋទូត លោកស្រី Kelly Craft ជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បាននិយាយប្រាប់គណៈប្រតិភូថា ការព្រមានរបស់កូរ៉េខាងជើង ដែលថា ខ្លួនអាចនឹងចាប់យកផ្លូវថ្មីនោះ បង្កឲ្យមានភាពអាចទៅរួច នៃការបាញ់តេស្តសាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ជាការបាញ់តេស្តអាវុធ ដែលត្រូវបានរចនាឡើង ដើម្បីវាយប្រហារ សហរដ្ឋអាមេរិក ដោយអាវុធនុយក្លេអ៊ែ។

គួរបញ្ជាក់ថា លោកស្រី Kelly Craft ដែលបានបម្រើការ ជាប្រេសិតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ ចាប់តាំងពីខែកញ្ញាមក បន្ទាប់ពីការលាឈប់ពីតំណែង របស់លោកស្រី Nikki Haley មកនោះ បានកោតសរសើររដ្ឋបាលលោក ត្រាំ សម្រាប់កិច្ចខិតខំប្រឹងប្រែងប្រើពិធីការការទូតជាមួយកូរ៉េខាងជើង៕ ប្រែសម្រួល៖ប៉ាង កុង
