បរទេស:ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃអង្គារទី១៧ខែធ្នូនេះបានឲ្យដឹងថាអគ្គលេខាធិការអង្គការណាតូនៅថ្ងៃនេះបានប្រកាសថាខ្លួននៅតែបន្តស្វែងរកការបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាក្រុមប្រឹក្សាសហប្រតិបត្តិការនៅតំបន់ឈូងសមុទ្រGulfហៅកាត់ថាGCC ។

លោក Jens Stoltenberg បានធ្វើការកត់សម្គាល់នេះក្នុងពិធីអបអរសាទរខួបលើកទី ១៥ នៃគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការអ៊ីស្តង់ប៊ុលដែលបានធ្វើឡើងនៅទីក្រុងគុយវ៉ែត។លោកបានមានប្រសាសថាក្នុងរយៈពេល៧០ឆ្នាំចាប់តាំងពីការបង្កើតមកអង្គការណាតូមិនដែលជួបប្រទះបរិយាកាសសន្តិសុខស្មុគស្មាញដូចពេលបច្ចុប្បន្ននេះទេ។
លោកបានបន្ថែមថាយើងចាំបាច់ត្រូវរក្សាសន្តិសុខរបស់យើងនិងមានភាពរហ័សរហួននិងត្រៀមឆ្លើយតបចំពោះការគំរាមកំហែងដែលកើតឡើងពីគ្រប់ច្រកនិងផ្លូវទាំងដីគោកសមុទ្រអាកាសលំហនិងលំហអាកាសផងដែរ។

ក្រោយធ្វើការគូសបញ្ជាក់ពីតម្រូវការសម្រាប់ការឆ្លើយតបដែលមានសំរបសំរួលខ្លាំងជាងមុនប្រឆាំងនឹងអំពើភេរវកម្មអគ្គលេខាធិការអង្គការណាតូបាននិយាយថាណាតូកំពុងធ្វើការជាមួយដៃគូនៅក្នុងប្រទេសអ៊ីរ៉ាក់ដើម្បីបណ្តុះបណ្តាលកម្លាំងក្នុងតំបន់អំពីវិធីប្រយុទ្ធប្រឆាំងនឹងភេរវករ៕
ប្រែសម្រួល:ស៊ុនលី
