បរទេស៖លោកប្រធានាធិបតីតួកគី Tayyip Erdogan បាននិយាយនៅថ្ងៃអាទិត្យថា ប្រទេសតួកគីបានត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ការគាំទ្រយោធាណាមួយ ដល់ទីក្រុងទ្រីប៉ូលី ដែលវាត្រូវការ ក្រោយពីទីក្រុងអង់ការ៉ា និងរដ្ឋាភិបាលអន្តរជាតិទទួលស្គាល់របស់ប្រទេសលីប៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខមួយ។
លោក Tayyip Erdogan បាននិយាយលើកញ្ចក់ទូរទស្សន៍ A Haber TV ដូច្នេះថា “យើងនឹងធ្វើកិច្ចការពារសិទ្ធិរបស់ប្រទេសលីប៊ីនិងប្រទេសតួកគី នៅក្នុងដែនសមុទ្រមេឌីទែរ៉ានេភាគខាងកើត ហើយយើងបានត្រៀមខ្លួនបន្ថែមទៀត ដើម្បីផ្តល់កិច្ចគាំទ្រចាំបាច់ណាមួយ ដល់ប្រទេសលីប៊ី”។

ក្រោយជួបគ្នាក្នុងទីក្រុងអ៊ីស្តង់ប៊ុល ជាមួយលោក Fayez al-Sarraj ជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលលីប៊ី លោកប្រធានាធិបតីតួកគី បានមានប្រសាសន៍យ៉ាងដូច្នេះថា “លោក Khalifa Haftar ដែលដឹកនាំកងកម្លាំងនៅប្រទេសលីប៊ីភាគខាងកើត មិនមែនជាមេដឹកនាំស្របច្បាប់ ហើយនិងជាតំណាងនៃរចនាសម្ព័ន្ធខុសច្បាប់មួយ”៕ ប្រែសម្រួល៖ប៉ាង កុង
