តូក្យូ៖ ការសិក្សាថ្មីមួយ របស់ក្រុមហ៊ុន JD Power បានបង្ហាញថា ក្រុមហ៊ុន អាកាសចរណ៍ជប៉ុន “Japan Airlines” បានជាប់ចំណាត់ថ្នាក់ខ្ពស់បំផុត ក្នុងការពេញចិត្តអ្នកដំណើរ ក្នុងចំណោមក្រុមហ៊ុន ដែលហោះហើរ ពីអាមេរិកខាងជើង ទៅអាស៊ីនៅឆ្នាំ ២០១៩ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ក្រុមហ៊ុនស្រាវជ្រាវ របស់សហរដ្ឋអាមេរិក ដែលបានស្ទាបស្ទង់ លើអ្នកដំណើរចំនួន ៦,២៨៧ នាក់នៅចន្លោះខែកញ្ញា និងតុលា បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ Delta Airlines ស្ថិតនៅលំដាប់ទី ២ បន្ទាប់មកគឺក្រុមហ៊ុន Korean Air ខណៈដែលក្រុមហ៊ុន All Nippon Airways ឈរនៅលំដាប់ទី ៤ ។
ការសិក្សាថ្មីបានវាស់វែង ការពេញចិត្តរបស់អ្នកដំណើរ ជាមួយក្រុមហ៊ុនអាកាសចរណ៍ ដែលហោះហើរ ពីអាមេរិកខាងជើង ទៅអឺរ៉ុប ឬអាស៊ី ដោយផ្អែកលើកត្តាចំនួន ៩ ។
វាបានរកឃើញថា អ្នកដំណើរអន្តរជាតិ បានផ្តល់សារសំខាន់ កាន់តែច្រើន ចំពោះសេវាកម្មហោះហើរ ដូចជាជម្រើសការកម្សាន្ត និងការបរិភោគអាហារ ជាជាងការចំណាយ និងថ្លៃឈ្នួល ផ្ទុយពីអ្នកដំណើរ នៅតាមជើងហោះហើរ ក្នុងស្រុកឆ្ងាយ នៅអាមេរិកខាងជើង។
ការសិក្សាក៏បានរកឃើញថា អថេរដូចជាភាពអាចរកបាន នៃជើងហោះហើរត្រង់ និងការចូលប្រើវ៉ាយហ្វាយ មានទម្ងន់តិច ក្នុងចំណោមអ្នកដំណើរ ដែលហោះហើរអន្តរជាតិ ពីអាមេរិកខាងជើង ដោយមានបទពិសោធកន្លងមក និងសេវាកម្មអតិថិជនល្អ ជាកត្តាជំរុញ សម្រាប់ការជ្រើសរើស ក្រុមហ៊ុនអាកាសចរណ៍ ជាក់លាក់មួយ។
ក្រុមហ៊ុនអាកាសចរណ៍ទួរគី បានជាប់ចំណាត់ថ្នាក់ខ្ពស់បំផុត ក្នុងការពេញចិត្ត អ្នកដំណើរ ក្នុងចំណោមក្រុមហ៊ុន ដែលហោះហើរពីអាមេរិកខាងជើង ទៅអឺរ៉ុប បន្ទាប់មកគឺ Virgin Atlantic៕ ដោយ៖លី ភីលីព