ចិន៖ កូនស្រីរបស់លោក Bruce Lee កំពុងប្តឹងបណ្តាញភោជនីយដ្ឋានចិនមួយ ពីបទប្រើរូបរឿងព្រេងកុងហ្វូរបស់នាងនៅក្នុងរូបសញ្ញាឡូហ្គូរបស់ភោជនីយដ្ឋាន ដោយគ្មានការអនុញ្ញាតពីនាងឡើយ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
បណ្តឹងនេះដែលបានរំលោភលើ សិទ្ធិរបស់តារាសិល្បៈក្បាច់គុនចុងក្រោយដោយក្រុមហ៊ុន Real Kungfu Catering Management ត្រូវបានប្តឹងដោយក្រុមហ៊ុន Bruce Lee Enterprise LLC ជាក្រុមហ៊ុនមានមូលដ្ឋាន នៅរដ្ឋកាលីហ្វ័រញ៉ាគ្រប់គ្រងដោយកូនស្រីរបស់លោក Lee ឈ្មោះ Shannon Lee ។
តុលាការក្រុងស៊ាងហៃបានទទួលយក ករណីនេះកាលពីដើមខែនេះ។ ខ្សែសង្វាក់អាហាររហ័សរបស់ចិន បាននិយាយពីស្លាកយីហោជាបន្តបន្ទាប់ត្រូវបានចុះបញ្ជី និងអនុម័តដោយការិយាល័យពាណិជ្ជសញ្ញារដ្ឋដែល ឥឡូវនេះស្ថិតនៅក្រោម ការិយាល័យកម្មសិទ្ធិបញ្ញារដ្ឋ ហើយត្រូវបានប្រើប្រាស់អស់រយៈពេល ១៥ឆ្នាំហើយ។
ក្រុមហ៊ុននេះបាននិយាយថា មានជម្លោះជាច្រើនឆ្នាំមកហើយ ថាតើពាណិជ្ជសញ្ញារបស់យើង រំលោភលើសិទ្ធិរបស់អ្នកដទៃ ប៉ុន្តែគ្មានសាលក្រមណាមួយ ត្រូវបានផ្តល់ដោយអាជ្ញាធរ ឬតុលាការទេ។ យើងមានអារម្មណ៍ច្របូកច្របល់ ដោយបណ្តឹងនេះហើយកំពុងរៀបចំសម្រាប់តុលាការ៕
ដោយ៖ លី ភីលីព