បរទេស៖ ការគំរាមកំហែងរបស់ កូរ៉េខាងជើងក្នុងការប្រគល់អំណោយ “ បុណ្យណូអែល” ដល់សហរដ្ឋអាមេរិក ហាក់ដូចជាត្រូវបានគេប៉ាន់ស្មានហួសហេតុ ដោយសារគ្មានរបាយការណ៍អំពីសកម្មភាពយោធារបស់ក្រុងព្យុងយ៉ាង ដែលត្រូវបានចុះបញ្ជីឡើយ គិតត្រឹមល្ងាចថ្ងៃពុធ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា កាលពីដើមខែនេះ មន្រ្តីកូរ៉េខាងជើងបានចោទប្រកាន់អ្នកចរចាអាមេរិកថា បានព្យាយាមរកពេលវេលាដោយមិនផ្តល់ដំណោះស្រាយ នៅពេលប្រទេសទាំងពីរ តស៊ូដើម្បីឈានដល់កិច្ចព្រមព្រៀងស្តីពី ការរំសាយអាវុធនុយក្លេអ៊ែរ។ មន្ត្រីរូបនោះបានបន្ថែមទៀតថា ភាពអសកម្មបែបនេះមានន័យថា សហរដ្ឋអាមេរិកកំពុងតែជ្រើសរើស សក្តានុពលដើម្បីទទួលបាន “ អំណោយ” ដែលមិនបានបញ្ជាក់ ពីប្រទេសកូរ៉េខាងជើង នៅថ្ងៃបុណ្យណូអែល មិនខាន។
លោក Ri Thae Song បាននិយាយថា “ ការសន្ទនាត្រូវបានអាមេរិកលើកឡើង ជាសក្តានុពល តែ គ្មានអ្វីក្រៅពីឧបាយកលដ៏ល្ងង់ខ្លៅដើម្បីរក្សា [កូរ៉េខាងជើង] ឱ្យមានការសន្ទនាគ្នា និងប្រើប្រាស់វា ដើម្បីគាំទ្រដល់ស្ថានភាព នយោបាយនិងការបោះឆ្នោតនៅអាមេរិក” ។ អ្វីដែលនៅសេសសល់ ដែលត្រូវធ្វើនៅពេលនេះ គឺជាជំរើសរបស់សហរដ្ឋអាមេរិក ហើយវាអាស្រ័យទៅលើសហរដ្ឋអាមេរិក ចំពោះអំណោយបុណ្យណូអែល ដែលខ្លួននឹងជ្រើសរើសដើម្បីទទួលបាន ។
ទោះយ៉ាងណា មិនមាន“ អំណោយ” ដែលត្រូវបានគេសន្មត់ថា ជាសកម្មភាពយោធា ឬតេស្តណាមួយត្រូវបានគេរាយការណ៍ចាប់តាំងពីពេលនោះមក។ មន្ទីរបញ្ចកោណ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ កាលពីថ្ងៃពុធ ប៉ុន្តែឧត្តមសេនីយទ័ពអាកាសមួយរូបកាលពីសប្តាហ៍មុនបានស្នើថា អំណោយនោះ អាចនឹងមកដល់នៅពេលណាមួយបន្ទាប់ពី បុណ្យណូអែលផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា