ព្រឹត្តិការណ៍

រដ្ឋមន្រ្តីយុត្តិធម៌ថៃ គាំទ្រចំពោះការអំពាវនាវ ឱ្យក្រៀវជនល្មើសករណីចាប់រំលោភ

បរទេស៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ លោក Somsak Thepsutin កាលពីថ្ងៃសុក្រ បានសម្តែងការគាំទ្រ ចំពោះការអំពាវនាវ ឱ្យមានច្បាប់មួយ ដែលនឹងបង្ខំឱ្យអ្នកដែលប្រព្រឹត្ត អំពើរំលោភសេពសន្ថវៈ ឆ្លងកាត់ការចាក់ សារធាតុគីមី ឬក្រៀវ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ការអំពាវនាវនេះ ត្រូវបានធ្វើឡើងដោយសមាជិកសភា នៃគណបក្សប្រជាធិបតេយ្យ ក្នុងខេត្ត Samut Songkhram គឺលោកស្រី Rangsima Rodrasmi នៅក្នុងសភាតំណាងរាស្ត្រ កាលពីថ្ងៃព្រហស្បតិ៍ ខណៈលោកស្រីបានលើកឡើង ពីប្រធានបទនៃអំពើហឹង្សាផ្លូវភេទ ប្រឆាំងនឹងស្ត្រីកុមារ និងមនុស្សចាស់។

លោកស្រី Rangsima បានណែនាំថា មនុស្សអាចត្រូវបានការពារ ពីបទឧក្រិដ្ឋផ្លូវភេទ នៅពេលដែលច្បាប់ត្រូវបានអនុម័ត ដែលតម្រូវឱ្យពិរុទ្ធជនផ្លូវភេទ ឆ្លងកាត់ការវះ ឬដោយ គីមី ឬ ក៏វះកាត់។ សភាបានបង្កើតគណៈកម្មាធិការវិសាមញ្ញមួយ ដើម្បីសិក្សាពីវិធានការនានា ដើម្បីការពារឧក្រិដ្ឋកម្មផ្លូវភេទ។

ប្រតិកម្មទៅនឹងសំណើនេះ លោក Somsak បាននិយាយថា ប្រសិនបើមតិភាគច្រើនយល់ព្រម ពួកគេគួរតែធ្វើសេចក្តីព្រាងច្បាប់ ដោយកត់សម្គាល់ថា ប្រសិនបើសាធារណជន គាំទ្រច្បាប់នេះ វានឹងមិនពិបាក ក្នុងការជំរុញនោះទេ។ លោកបានបន្ថែមថា ក្រសួងបានត្រៀមខ្លួន រួចជាស្រេច ដើម្បីចូលរួមកម្លាំង ក្នុងការជំរុញសេចក្តីព្រាងច្បាប់ ដែលសំដៅលើកកម្ពស់ សុវត្ថិភាពសាធារណៈ។

សំណើក្រៀវជន ដែលចាប់រំលោភនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីឃាតករ ដែលបានសម្លាប់មនុស្សច្រើនឈ្មោះ Somkid Pumpuang បានសម្លាប់ស្ត្រីអាយុ ៥១ ឆ្នាំ បន្ទាប់ពីជននេះត្រូវបានដោះលែង ពីពន្ធនាគារកាលពីថ្ងៃទី ២៧ ខែឧសភា។ ទោះបីជាត្រូវបានកាត់ទោស អស់មួយជីវិតកាលពីឆ្នាំ ២០០៥ ពីបទសម្លាប់ស្ត្រី ៥ នាក់ក៏ដោយ ក៏លោក Somkid បានរួចខ្លួនបន្ទាប់ ពីជាប់ពន្ធនាគារ ១៤ ឆ្នាំ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top