បរទេស៖ យោងតាមសម្តីរបស់ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper បានឲ្យដឹងថា សហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ននេះ កំពុងតែបញ្ជូនទាហានប្រហែល ៧៥០នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ា នៅក្នុងដំណើរឆ្លើយតប ទៅនឹងការតវ៉ាប្រកបដោយហិង្សានៅស្ថានទូតអាមេរិក ក្នុងប្រទេសអ៊ីរ៉ាក់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានធ្វើឡើងនៅថ្ងៃអង្គារសប្ដាហ៍នេះ លោក Mark Esper បានមានប្រសាសន៍ថា នាពេលថ្មីៗនេះ លោកទើបបានបញ្ជាឲ្យ ធ្វើការបញ្ជូនកងវរសេនាតូចថ្មើរជើង មកពីកងកម្លាំងឆ្លើយតបរហ័ស របស់កងពលអាកាសលេខ៨២ ទៅកាន់តំបន់មជ្ឈិមបូព៌ា។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Star នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា លោករដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិករូបនេះ ក៏បានថ្លែងបន្ថែមទៀតផងដែរថា ក្រៅពីការបញ្ជូនកងកម្លាំងទ័ពទៅភ្លាមៗនេះ កងកម្លាំងបន្ថែមពី កងទ័ពអាកាសអាមេរិក ក៏ត្រូវបានត្រៀមរៀបចំដើម្បីបញ្ជូនទៅ នៅក្នុងពេលពីរបីថ្ងៃក្រោយនេះផងដែរ៕
ប្រែសម្រួល៖ ប៉ាង កុង