បរទេស៖ មេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់មួយរូប តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសអ៊ីរ៉ង់នឹងមិនធ្វើដំណើរឆ្ពោះទៅរកសង្គ្រាមទេ ប៉ុន្តែក៏មិនខ្លាចជម្លោះណាមួយដែរ ក្រោយសប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ទីក្រុងតេអេរ៉ង់ ជាអ្នកនៅពីក្រោយការតវ៉ាប្រឆាំងអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់។
មេបញ្ជាការកងកម្លាំងការពារបដិវត្តន៍ លោក Hossein Salami បាននិយាយដូច្នេះថា “យើងនឹងមិនដឹកនាំប្រទេសឆ្ពោះទៅរកសង្គ្រាមទេ ប៉ុន្តែយើងក៏មិនខ្លាចធ្វើសង្គ្រាមណាមួយដែរ ហើយយើងសូមប្រាប់អាមេរិកឲ្យនិយាយឲ្យបានត្រឹមត្រូវ ចំពោះប្រទេសអ៊ីរ៉ង់។ យើងមានអំណាចអាចបំបែកពួកគេជាច្រើនដង ហើយនិងគ្មានការព្រួយបារម្ភនោះទេ”។
គួរបញ្ជាក់ថា លោក ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសអ៊ីរ៉ង់នឹងត្រូវតែទទួលខុសត្រូវទាំងស្រុង ចំពោះការបាត់បង់អាយុជីវិត ឬក៏ការខូចខាតដែលកើតមានឡើង នៅបរិវេណអគារណាមួយរបស់យើង គឺពួកគេនឹងបង់តម្លៃដ៏ធំ នេះមិនមែនជាការព្រមានទេ ប៉ុន្តែវាជាការគម្រាម”៕ ប្រែសម្រួល៖ប៉ាង កុង