បរទេស៖ រដ្ឋមន្ត្រីទទួលបន្ទុក កិច្ចការគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានមានប្រសាសន៍ នៅថ្ងៃអង្គារនេះថា ប្រទេសជប៉ុន កំពុងតែធ្វើការឃ្លាំមើល យ៉ាងយកចិត្តទុកដាក់ នូវស្ថានភាពក្នុងតំបន់មជ្ឈិមបូព៌ា ប៉ុន្តែគ្មានការប្រែប្រួលផ្លាស់ប្តូរ ក្នុងផែនការជប៉ុន បញ្ជូនកងកម្លាំងទៅតំបន់មជ្ឈិមបូព៌ា ដើម្បីធានាសុវត្ថិភាពកប៉ាល់ជប៉ុននៅទីនោះ។
យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន The Star បានឲ្យដឹងថា ភាពតានតឹង បានផ្ទុះឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីការវាយប្រហារ ដោយយោធាសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ បានសម្លាប់មេបញ្ជាការមួយរូប នៅក្នុងចំណោមមេបញ្ជាការយោធាជាន់ខ្ពស់អ៊ីរ៉ង់។
គួរបញ្ជាក់ថា នៅក្នុងពេលបច្ចុប្បន្ននេះ ប្រទេសកូរ៉េខាងត្បូង ក៏បានបង្ហាញផងដែរថា ផែនការដ៏មានសក្ដានុពលរបស់ខ្លួន ក្នុងការបញ្ជូននាវាចម្បាំង ពិឃាតសមត្ថភាព មីសីលនាំផ្លូវ ទៅកាន់តំបន់មជ្ឈិមបូព៌ា កំពុងតែស្ថិតនៅក្រោម ការពិចារណាផងដែរ ស្របពេលមានភាពតានតឹង កើនឡើង រវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់៕ ប្រែសម្រួល៖ប៉ាង កុង