បរទេស៖ របាយការណ៍នេះ បានកើតឡើង បន្ទាប់ពីការវាយប្រហារមីស៊ីល របស់អ៊ីរ៉ង់ នៅថ្ងៃពុធនេះទៅលើមូលដ្ឋានទ័ព អាកាសចំនួន ២ នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលទ័ពអាមេរិកបានឈរជើង ដើម្បីឆ្លើយតបនឹងការ សម្លាប់ឧត្តមសេនីយ៍ របស់កងកម្លាំងពិសេស Qudem របស់អ៊ីរ៉ង់គឺលោក Qasem Soleimani នៅព្រលានយន្តហោះ Baghdad ដោយសហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយជាតិបានរាយការណ៍ ដោយដកស្រង់ប្រភពព័ត៌មាន មួយថា កងទ័ពអ៊ីរ៉ង់ បានទទូចថា សហរដ្ឋអាមេរិក ត្រូវតែដកកងទ័ពរបស់ខ្លួន ចេញពីមជ្ឈឹមបូព៌ា។ វាបានបន្ថែមទៀតថា គ្មានមីស៊ីលរបស់ក្រុង តេហេរ៉ង់ ដែលសំដៅគោលដៅអាមេរិក នៅអ៊ីរ៉ាក់ត្រូវបានស្ទាក់ចាប់នោះទេ ប៉ុន្តែមនុស្ស ៨០ នាក់ត្រូវបានសម្លាប់។
នាយអគ្គសេនាធិការកងទ័ពអ៊ីរ៉ង់ គឺលោកឧត្តមសេនីយ៍ Mohammad Baqeri បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានផ្សាយ តាមទូរទស្សន៍រដ្ឋថា “ឥឡូវនេះពួកគេបានយល់ពីអំណាច របស់យើង វាដល់ពេលដែលសហរដ្ឋអាមេរិក ដកកងទ័ពរបស់ខ្លួនចេញពីមជ្ឈឹមបូព៌ា” ។
របាយការណ៍ទូរទស្សន៍ដដែល បានបន្តបញ្ជាក់ថា មីស៊ីលចំនួន ១៥ គ្រាប់ ត្រូវបានបាញ់ចេញដោយបានធ្វើឱ្យខូចខាត ដល់ឧទ្ធម្ភាគចក្រ និងឧបករណ៍យោធាដទៃទៀត។ យោងតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ មានគោលដៅ ១០០ ផ្សេងទៀតដែលអាចមើលឃើញក្នុងករណី ដែលអាមេរិកជំរុញទៅមុខ ដោយមានវិធានការសងសឹក។
សហរដ្ឋអាមេរិក មិនទាន់ធ្វើអត្ថាធិប្បាយ លើរបាយការណ៍សារព័ត៌មាននៅឡើយទេ។
ប្រធានាធិបតីអាមេរិកលោក ត្រាំ មុននេះបានបង្ហាញពីចេតនា ធ្វើសេចក្តីថ្លែងការណ៍មួយ នៅអ៊ីរ៉ង់នៅព្រឹកថ្ងៃពុធនេះដោយនិយាយថា “ អ្វីៗទាំងអស់គឺល្អ” និងអួតអំពី“ យោធា ដែលមានថាមពលខ្លាំងបំផុត និងបំពាក់បានគ្រប់ទីកន្លែង នៅលើពិភពលោក” ៕ ប្រែសម្រួលៈ ណៃ តុលា