បរទេស៖ នៅព្រឹកព្រលឹមនៃថ្ងៃពុធនេះ ប្រទេស អ៊ីរ៉ង់ បានធ្វើការវាយប្រហារមីស៊ីលចំនួន ២ ទៅលើគោលដៅរបស់អាមេរិក ដើម្បីឆ្លើយតបទៅនឹងការធ្វើឃាត ទៅលើមេបញ្ជាការយោធាកំពូលរបស់ខ្លួនគឺឧត្តមសេនីយ៍ Soleimani។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់លោក Ali Khamenei បានហៅការវាយប្រហារមីស៊ីលទាំងយប់ទៅលើមូលដ្ឋានអាកាសរបស់អាមេរិកថា ជាការទះកំផ្លៀងអាមេរិក ខណៈពេលដែលអត្ថាធិប្បាយលើការឆ្លើយតបរបស់សាធារណរដ្ឋអ៊ីស្លាម ឆ្លើយតបទៅនឹងការសម្លាប់របស់អាមេរិកទៅលើឧត្តមសេនីយ៍ Qasem Soleimani កាលពីចុងសប្តាហ៍មុន។
លោកបានលើកឡើងពីវត្តមាន របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នេះយ៉ាងច្រើនថា ជា“ ប្រភពនៃអំពើពុករលួយ” ដែលអះអាងថា កងកម្លាំងអាមេរិកគួរតែចាកចេញពីតំបន់មជ្ឈឹមបូព៌ា។
លោក Khamenei បានលើកយកជម្រើសពិសេស នៃកិច្ចចរចានុយក្លេអ៊ែរឡើងវិញ ជាមួយ “ សត្រូវ” របស់ពួកគេ គឺអាមេរិក ដោយថា គ្មានមធ្យោបាយណាដែលអាចធ្វើបានទេព្រោះវានឹងត្រួសត្រាយផ្លូវសម្រាប់ឥទ្ធិពលរបស់អាមេរិក។ លោកបានសង្កត់ធ្ងន់ថា ក្នុងចំណោមសត្រូវឥតលាក់លៀមរបស់សាធារណរដ្ឋគឺសហរដ្ឋអាមេរិក អ៊ីស្រាអែល និង“ ប្រព័ន្ធអួតអាង” ដែលជាឯកសារយោងជាក់ស្តែងមួយ ចំពោះលោកខាងលិចជាទូទៅ៕ ប្រែសម្រួលៈ ណៃ តុលា