បរទេស៖អគ្គសេនាធិការកងទ័ព កូរ៉េខាងត្បូង នាយឧត្តមសេនីយ៍ Suh Wook តាមសេចក្តីរាយការណ៍ នឹងធ្វើទស្សនកិច្ច សហរដ្ឋអាមេរិក នៅក្នុងសប្ដាហ៍នេះ សម្រាប់កិច្ចពិភាក្សាគ្នាជាមួយ សហភាគីសហរដ្ឋអាមេរិក ដើម្បីនិយាយគ្នាអំពីមធ្យោបាយបង្កើន ចំណងមិត្តភាព រវាងសេវាកម្មកងទ័ពនៃ ប្រទេសទាំងពីរ។
នៅក្នុងអំឡុងដំណើរទស្សន កិច្ចផ្លូវការរយៈពេល៧ថ្ងៃ ដែលចាប់ផ្តើម ពីថ្ងៃអាទិត្យនោះ លោក Suh Wook បានគ្រោងជួបជាមួយអគ្គសេនាធិការ កងទ័ពអាមេរិក នាយឧត្តមសេនីយ៍ James McConville ដើម្បីបញ្ជាក់ ពីសម្ពន្ធភាពដ៏យូរអង្វែង នៃសម្ពន្ធមិត្តទាំងពីរ និងជំរុញបង្កើន ការផ្លាស់ប្តូរបទពិសោធន៍គ្នា និងកិច្ចសហប្រតិបត្តិការ រវាងយោធា។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ កាសែតផ្លូវការ កូរ៉េខាងត្បូង ឈ្មោះ យុនហាប់ បានឲ្យដឹងថា ក្រៅពីនោះ កងទ័ពកូរ៉េខាងត្បូង ក៏បាននិយាយប្រាប់ ផងដែរថា លោកឧត្តមសេនីយ៍ កូរ៉េខាងត្បូង ក៏គ្រោងធ្វើទស្សនកិច្ច ទីបញ្ជការកងទ័ពអនាគត របស់ទ័ពអាមេរិក ដោយលោកនឹងសិក្សា ពីចក្ខុវិស័យ និងយុទ្ធសាស្ត្ររបស់វា ដើម្បីភាពរីក ចម្រើនជឿនលឿន៕ ប្រែសម្រួល៖ប៉ាង កុង