បរទេស៖ កងទ័ពជើងអាកាសសហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ បាននិយាយប្រាប់ ឲ្យដឹងថា ខ្លួនកំពុងតែធ្វើការស៊ើប អង្កេតស្តីពីករណី ដែលបុគ្គលិកទ័ពអាកាស អាមេរិកពីររូបស្លាប់បាត់បង់ជីវិត នៅក្នុងបន្ទប់ស្នាក់ នៅរបស់ពួកគេ ក្នុងមូលដ្ឋានទ័ព Spangdahlem នៅប្រទេសអាល្លឺម៉ង់។
លោករវសេនីយ៍ឯក David Epperson តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់ថា “វាជារឿងដ៏លំបាកខ្លាំងណាស់ ដែលបាត់បង់សមាជិក ដ៏មានតម្លៃនៃ ក្រុមរបស់យើង” ដោយលោកចាត់ទុកការស្លាប់នេះ គឺជាសោកនាដកម្មមួយ ហើយនៅពេលភ្លាមៗនេះ មូលហេតុនៃការស្លាប់បុគ្គលិក ទ័ពអាកាសទាំងពីររូបនោះ មិនទាន់ត្រូវបាន គេរាយការណ៍ នោះទេ។
គួរបញ្ជាក់ថា មូលដ្ឋាន ទ័ពអាកាស Spangdahlem គឺមានទីតាំងស្ថិតនៅចម្ងាយប្រហែល ៨០ម៉ាយខាងលិចទីក្រុង Frankfurt និងចម្ងាយ៥០ ម៉ាយនៅខាងត្បូងទីក្រុង Cologne នៅក្នុងប្រទេសអាល្លឺម៉ង់ភាគ ខាងលិច ជិតព្រំដែនជាប់ប៊ែលហ្ស៊ិក និងលុចសំបួរ៕
ប្រែសម្រួល៖ប៉ាង កុង
