ប៉ារីស៖ អតីតនាយកប្រតិបត្តិក្រុមហ៊ុន Renault លោក Carlos Ghosn ដែលបានភៀសខ្លួនពីប្រទេសជប៉ុន ក្នុងពេលរង់ចាំការកាត់ក្តី ពីបទចោទប្រកាន់មិនត្រឹមត្រូវខាងហិរញ្ញវត្ថុ កំពុងស្វែងរកការសងប្រាក់ចូលនិវត្តន៍ ដោយក្រុមហ៊ុនផលិតរថយន្តបារាំង ដោយលោកនិយាយថា ត្រូវបានហាមឃាត់មិនត្រឹមត្រូវ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។
ប្រភពជិតស្និទ្ធនឹងលោក Ghosn បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងថា លោក Ghosn បានដាក់ពាក្យបណ្តឹងទៅតុលាការ ការងារបារាំងនៅ Boulogne-Billancourt នៅខាងក្រៅទីក្រុងប៉ារីស នៅពេលដែល Renault មានទីស្នាក់ការ ។ អ្នកនាំពាក្យក្រុមហ៊ុន Renault បាននិយាយថា ក្រុមហ៊ុនបានទទួលសេចក្តីជូនដំណឹង អំពីបណ្តឹងនេះកាលពីខែធ្នូ ។ ភាគីទាំង២បាននិយាយថា សវនាការមួយ ត្រូវបានគេរំពឹងថានឹងធ្វើឡើង នៅចុងខែកុម្ភៈនេះដោយមិនបានផ្តល់ កាលបរិច្ឆេទច្បាស់លាស់ ។
ការទាមទារនេះផ្តោតសំខាន់ទៅលើការទូទាត់ប្រាក់អត្ថប្រយោជន៍ចូលនិវត្តន៍ចំនួន ២៥០,០០០ អឺរ៉ូ (២៧៨,០០០ ដុល្លារ) ដែលក្រុមហ៊ុន Renault មិនបានបង់ប្រាក់ដោយមូលហេតុ លោក Ghosn ឈប់នៅចុងខែមករាឆ្នាំ ២០១៩ ខណៈលោកកំពុងជាប់ពន្ធនាគារ នៅប្រទេសជប៉ុន។ លោក Ghosn អាយុ ៦៥ ឆ្នាំត្រូវបានចាប់ខ្លួននៅទីក្រុងតូក្យូកាលពីខែវិច្ឆិកាឆ្នាំ ២០១៨ ក្រោមការចោទប្រកាន់ពីការប្រព្រឹត្តខុសហិរញ្ញវត្ថុ ខណៈប្រធានក្រុមហ៊ុន Nissan ដែលជាដៃគូសម្ព័ន្ធភាពរបស់ Renault រួមទាំងការអះអាងថា លោកមិនបានរាយការណ៍ ប្រាក់ខែរាប់លានដុល្លារ។
ប្រភពដែលស្និទ្ធនឹងលោក Ghosn ក៏បានបន្ថែមទៀតថា ការទាមទារធំជាងនេះត្រូវបានគ្រោង ធ្វើនៅឯតុលាការពាណិជ្ជកម្មបារាំង ដើម្បីទទួលបានប្រាក់សោធនបន្ថែម ប្រចាំឆ្នាំ ៧៧៤.៧៧៤ អឺរ៉ូ (៨៦១,៧០០ ដុល្លារ) ក្នុងមួយឆ្នាំក៏ដូចជាភាគហ៊ុនចំនួន ៣៨០,០០០ ត្រូវបានផ្តល់សម្រាប់ការសម្រេចគោលដៅ។
ភាគហ៊ុនទាំងនេះដែលបានប្រគល់ពីឆ្នាំ ២០១៥-២០១៨ លើលក្ខខណ្ឌដែលលោកនៅតែស្ថិតក្នុងក្រុមហ៊ុនរយៈពេល ៤ ឆ្នាំក្រោយមក ឥឡូវមានតម្លៃ ១៥,៥ លានអឺរ៉ូក្នុងតម្លៃបច្ចុប្បន្ន។ លោក Ghosn បានភៀសខ្លួនពីប្រទេសជប៉ុនទៅកាន់ប្រទេសលីបង់ នៅចុងខែមករា ក្រោយពេលរង់ចាំការកាត់ក្តីមួយ លោកបាននិយាយថា នឹងមិនមានភាពយុត្តិធម៌ក្រោមប្រព័ន្ធច្បាប់របស់ជប៉ុន៕ ដោយ៖លី ភីលីព