បរទេស៖ រដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក លោក Mark Esper បាននិយាយនៅថ្ងៃអាទិត្យ ម្សិលមិញនេះថា លោកបានបញ្ជូន ឲ្យបញ្ជូនកងទ័ពសហរដ្ឋអាមេរិក រាប់ពាន់នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ា ព្រោះតែលោកជឿជាក់ថា ប្រទេសអ៊ីរ៉ង់ កំពុងតែរៀបផែនការ វាយប្រហារលើស្ថានទូតនានារបស់អាមេរិក ។

នៅក្នុងកម្មវិធី Face the Nation របស់សារព័ត៌មាន CBS News នៅថ្ងៃអាទិត្យ លោក បានមានប្រសាសន៍ថា លោកមានទស្សនៈដូចគ្នា នឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលថា មេបញ្ជាការយោធាអ៊ីរ៉ង់ លោក Qassem Soleimani ដែលបាតបង់ជីវិត ក្នុងការវាយប្រហារតាមអាកាសអាមេរិក កំពុងតែរៀបផែនការ វាយប្រហារស្ថានទូតអាមេរិក៤កន្លែង ។

លោករដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិករូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំដឹងថា មានសមាជិកក្រុមសន្តិសុខជាតិផ្សេងទៀត មានទស្សនៈដូចគ្នានោះដែរ ហើយនោះជាមូលហេតុ ដែលខ្ញុំបញ្ជូនកងទ័ព អាមេរិករាប់ពាន់នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីពង្រឹងការពារស្ថានទូតរបស់យើង នៅក្នុងទីក្រុងបាដាដ និងទីកន្លែងផ្សេងៗទៀត នៅទូទាំងតំបន់”៕ ប្រែសម្រួល៖ប៉ាង កុង
