Asiasociety.org: ប្រវត្តិសាស្ត្របានកត់ត្រា យ៉ាងច្បាស់ណាស់ថា ការផ្ទុះអាវុធនុយក្លេអ៊ែរ ជាលើកដំបូងរបស់ពិភពលោក គឺត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១៦ ខែកក្កដាឆ្នាំ១៩៤៥ នៅរដ្ឋម៉ិកស៊ិកគឺជាពេលដែលសហរដ្ឋអាមេរិក បានសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ លើកដំបូងបង្អស់របស់ខ្លួន ។ វាធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលមិនតិចឡើយហើយមិនទាន់បីសប្តាហ៍ក្រោយ មកពិភពលោកចាប់ផ្តើមមានការផ្លាស់ប្តូរ យ៉ាងខ្លាំងជាពិសេសទៅលើវិស័យសព្វាវុធ ។
បន្ទាប់ពីធ្វើតេស្តរួចរាល់នាថ្ងៃទី ៦ ខែសីហាឆ្នាំ ១៩៤៥ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកបរមាណូទៅទីក្រុងហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន។ វាបានសម្លាប់និងរងរបួសជិត១៣០០០០នាក់ ។ បីថ្ងៃក្រោយមកសហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកទៅលើទីក្រុងណាហ្គាសាគីបន្ថែមទៀត។ ក្នុងចំណោមមនុស្ស ២៨៦០០០នាក់ ដែលរស់នៅក្នុងទីក្រុងពេលផ្ទុះនោះ មាន ៧៤០០០នាក់ ត្រូវបានសម្លាប់ និង៧៥០០០ នាក់ទៀតរងរបួសធ្ងន់ ។ ជប៉ុនបានយល់ព្រមចុះចាញ់ដោយឥតលក្ខខណ្ឌនៅថ្ងៃទី១៤ ខែសីហាឆ្នាំ១៩៤៥ ។ វាក៏ជាលទ្ធផលនៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី ២ផងដែរ ។
នៅឆ្នាំបន្តបន្ទាប់សហរដ្ឋអាមេរិកសហភាពសូវៀត និងចក្រភពអង់គ្លេសក៏បានចាប់ផ្តើម ធ្វើតេស្តអាវុធនុយក្លេអ៊ែរ ជាច្រើនលើក ។ នៅឆ្នាំ១៩៥៤ ប្រធានាធិបតី Jawaharlal Nehru នៃប្រទេសឥណ្ឌាបានអំពាវនាវឱ្យមានការហាមឃាត់ការធ្វើតេស្តនុយក្លេអ៊ែរ។ វាជាគំនិតផ្តួចផ្តើមខ្នាតធំដំបូងគេបំផុត ដែលហាមប្រើបច្ចេកវិទ្យានុយក្លេអ៊ែរ ដែលនឹងអាចនាំទៅដល់ការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំរបស់ពិភពលោកទាំងមូល។
ចំណែកេប្រទេសបារាំងក៏បានបំផ្ទុះងាវុធនុយក្លេអ៊ែរលើកដំបូងរបស់ខ្លួនដែរកាលពីនៅក្នុងឆ្នាំ១៩៦០ខណៈដែលប្រទេសចិនបានចូលរួមក្នុងបណ្តាលប្រទេសដែលមានអាវុធនុយក្លេអ៊ែរNuclear Arm Clubនៅខែតុលាឆ្នាំ ១៩៦៤ គឺជាពេលដែលខ្លួនក៏បានធ្វើតេស្តអាវុធនេះជាលើកដំបូងផងដែរនោះ។
ថ្ងៃទី១ខែកក្កដាឆ្នាំ១៩៦៨សហភាពសូវៀតនិងប្រទេសចំនួន ៦០ ផ្សេងទៀតបានចុះហត្ថលេខាលើសន្ធិសញ្ញាមួយដើម្បីស្វែងរកការបញ្ចប់ទៅនៃការផលិតបន្ថែមអាវុធនុយក្លេអ៊ែរនិងលើកកម្ពស់ការរំសាយសព្វាវុធប្រភេទនេះ។ សន្ធិសញ្ញានេះមានមុខងារដើម្បីហាមឃាត់រដ្ឋ ដែលមានអាវុធនុយក្លេអ៊ែរ ក្នុងការជួយអភិវឌ្ឍនុយក្លេអ៊ែរទៅកាន់រដ្ឋផ្សេងទៀត ហើយវានឹងអនុញ្ញាត ឱ្យការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ សម្រាប់គោលបំណងសន្តិភាព ប៉ុណ្ណោះ។ វាបានចូលជាធរមានក្នុងឆ្នាំ ១៩៧០ ហើយត្រូវបានបន្តអនុវត្ត ដោយគ្មានល័ក្ខខ័ណ្ឌនៅថ្ងៃទី១១ ខែឧសភាឆ្នាំ១៩៩៥ ។
ទោះបីជាមានសន្ធិសញ្ញារារាំងបានកើតឡើងហើយរួចក្តីនៅឆ្នាំ ១៩៧៤ ប្រទេសឥណ្ឌាបានធ្វើតេស្តនុយក្លេអ៊ែរ លើកទីមួយរបស់ខ្លួនដែលជាការផ្ទុះ ក្រោមដីនៃអាវុធនុយក្លេអ៊ែរ ។ ប្រទេសឥណ្ឌាបានប្រកាសថា វាជាការសាកល្បង “ដោយសន្តិភាព” ប៉ុន្តែវាតាមពិតបានបង្ហាញដល់ពិភពលោកថា ឥណ្ឌាក៏អ្នកវិទ្យាសាស្ត្រដែលអាចបង្កើតគ្រាប់បែកនេះ បានដូចបណ្តាលប្រទេសផ្សេងទៀតដែរ។
នៅមានប្រវត្តិសាស្ត្រជាច្រើនទៀតអំពីការវិវត្តនៃការអភិវឌ្ឍនៃអាវុធប្រល័យលោកមួយនេះប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍លើសពីនេះនោះគឺសហរដ្ឋអាមេរិកគឺជាប្រទេសតែមួយគត់ដែលមានមីស៊ីលដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរនិងវាយប្រហារគោលដៅទាំងឡាយណាទាំងអស់នៅលើផែនដីប៉ុន្តែប្រទេសជាង៣០ ដែលមានយន្តហោះគ្មានមនុស្សបើកដែលមានសមត្ថភាព គេចចេញពីប្រព័ន្ធការពារផ្លូវអាកាសហើយអាចផ្ទុកអាវុធនុយក្លេអ៊ែរជីវសាស្រ្តឬអាវុធផ្សេងទៀតសម្រាប់ការវាយប្រហារបាន
យ៉ាងងាយ៕
The Telegraphដែលធ្លាប់ចេញផ្សាយ នូវតួលេខចុងក្រោយបង្អស់មួយ កាលពីខែតុលាឆ្នាំ ២០១៧ ដោយបានសរសេរថាអាវុធនុយក្លេអ៊ែរ របស់ពិភពលោកមានទៅដល់ ១៥០០០ ក្បាលគ្រាប់ដែលភាគច្រើនជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក និងរុស្ស៊ីហើយរបាយការណ៍របស់សមាគមន៍ត្រួតពិនិត្យអាវុធ ACA(Arms Control Association) បានប៉ាន់ប្រមាណថាក្នុងមានចំនួនតិចជាង១០០០០គ្រាប់ គឺកំពុងស្ថិតនៅក្នុងការគ្រប់គ្រងដោយ យោធាហើយចំនួនដែលនៅសេសសល់គឺកំពុងរង់ចាំការរុះរើ៕
ប្រែសម្រួល:ស៊ុនលី