បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃសៅរ៍សប្ដាហ៍នេះថា ខ្លួនទើបបានដាក់ទណ្ឌកម្ម លើនាយឧត្តមសេនីយ៍មួយរូប របស់កងកម្លាំងការពារបដិវត្ត និង ឥស្លាមរបស់ប្រទេសអ៊ីរ៉ង់ ដែលគ្រប់គ្រងបញ្ជាអង្គភាព ធ្វើការសម្លាប់រង្គាលក្រុមអ្នកតវ៉ាកាលពីខែវិច្ឆិកា។
តាមសេចក្តីរាយការណ៍ ក្រសួងការបរទេសសហរដ្ឋអាមេរិក ធ្លាប់បាននិយាយកាលពីមុនថា ខ្លួនបានទទួលវិដេអ៊ីបង្ហាញពី កងកម្លាំងការពារបដិវត្តន៍បើកការបាញ់រះ ដោយគ្មានធ្វើការព្រមានប្រាប់ ជាមុនដល់ក្រុមបាតុករ នៅក្នុងទីក្រុង Mahshahr ប្រទេសអ៊ីរ៉ង់ភាគនិរតី។
គួរបញ្ជាក់ថា ការប្រកាសនេះគឺត្រូវបានធ្វើឡើង ស្របពេលមានភាពតានតឹងកើនឡើងខ្ពស់ រវាងទីក្រុងតេអេរ៉ង់និងទីក្រុងវ៉ាស៊ីនតោន ក្រោយសហរដ្ឋអាមេរិកសម្លាប់មេបញ្ជាការយោធា ជាន់ខ្ពស់ដ៏មានឥទ្ធិពលអ៊ីរ៉ង់មួយរូប ក្នុងការវាយប្រហារដោយកូនដ្រូនក្នុងប្រទេសអ៊ីរ៉ាក់ ហើយអ៊ីរ៉ង់បានសងសឹកវិញ ដោយបាញ់មីស៊ីលទៅលើមូលដ្ឋាន ទ័ពអាមេរិកនៅអ៊ីរ៉ាក់វិញ៕ ប្រែសម្រួល៖ ប៉ាង កុង