ព្រះសីហនុ៖ លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ បានជួបប្រជុំ លើកិច្ចពិភាក្សា និងរកដំណោះស្រាយ អំពីបញ្ហាប្រឈមមួយចំនួន របស់វិសយ័ឯកជន ក្នុងខេត្ត ជាមួយសមាគម ទូកទេសចរណ៍ ដឹកនាំដោយ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគម ទូកទេសចរណ៍ខេត្តព្រះសីហនុ ។
យោងតាមខ្លឹមសារ ក្នុងលិខិតអញ្ជើញសមាគម ទូកទេសចរណ៍ មកចូលរួមប្រជុំនេះ លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុបញ្ជាក់ថា បច្ចុប្បន្ននេះដោយសង្កេតឃើញថា វិសយ័ឯកជន ក្នុងខេត្តព្រះសីហនុ កំពុងជួបប្រឈម នឹងបញ្ហាជាច្រើន ដែលទាមទារអោយមាន ការរួមគ្នារកវិធី និងគោលការណ៍ ដោះស្រាយ តាមរយៈការកំណត់ អំពីបញ្ហាប្រឈមជាក់លាក់ សម្រាប់ដោះស្រាយ។

លោកឧកញ៉ា ប្រធានសភាពាណិជ្ជកម្ម ខេត្តថ្លែងបញ្ជាក់ថា ក្រោយពីសហការ ជាមួយវិសយ័ឯកជន រកឃើញបញ្ហាប្រឈម ជាក់លាក់ហើយ ខាងសភាពាណិជ្ជកម្មខេត្ត នឹងរៀបចំដាក់សំណើ ជូនទៅកាន់រដ្ឋបាលខេត្ត និងថ្នាក់ជាតិ ដើម្បីផ្តល់ត្រឡប់មកវិញ នូវអនុសាសន៍ ឬគោលការណ៍រួម សម្រាប់ដោះស្រាយ និងកាត់បន្ថយបញ្ហាប្រឈមនានា៕



