បរទេស៖ប្រទេសបារាំង នាពេលថ្មីៗនេះ បានដាក់ពង្រាយប្រព័ន្ធរ៉ាដា នៅលើតំបន់ឆ្នេរភាគខាងកើត នៃប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពង្រឹងកិច្ចការពារ សម្ពន្ធមិត្តរបស់ខ្លួន ក្រោយមានការ វាយប្រហារមីស៊ីល ទៅលើហេដ្ឋារចនាសម្ព័ន្ធប្រេង អារ៉ាប៊ីសាអូឌីត កាលពីខែកញ្ញាឆ្នាំមិញ។
នៅក្នុងសុន្ទរកថា មួយ ថ្លែងទៅកាន់ យោធាបារាំង លោកប្រធានាធិបតី Emmanuel Macron បានមានប្រសាសន៍ថា “នៅក្នុងឧបទ្វីបអារ៉ាប់ និងតំបន់ឈូង សមុទ្រអារ៉ាប់-ពែរ្ស ជាទីមានភាពតានតឹងកំពុងតែ កើនឡើងនោះ យើងបានដាក់ពង្រាយកងកម្លាំង Jaguar Task Force ដែលរួមចំណែកក្នុងការធានាសន្តិសុខព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត”។
គួរបញ្ជាក់ថា ទីក្រុងប៉ារីសរិះគន់ ប្រទេសអ៊ីរ៉ង់ ពីបទធ្វើការវាយប្រហារ ដោយកូនដ្រូននិងមីស៊ីល បង្អាក់ដំណើរការនៅទីតាំង កែឆ្នៃប្រេងដ៏ធំបំផុត របស់ពិភពលោក នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងបានសន្យាថា នឹងផ្តល់ជំនួយការពារ មិនឲ្យមានហេតុការណ៍ ដដែលនេះកើតមានឡើងទៀត នោះទេ៕ ប្រែសម្រួល៖ប៉ាង កុង