បរទេស៖ ក្រសួងការពារជាតិកោះតៃវ៉ាន់ បាននិយាយប្រាប់ថា នាវាចម្បាំងសហរដ្ឋអាមេរិកមួយគ្រឿង បានធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្រោយពេលតិចជាមួយសប្ដាហ៍ បន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន ឈ្នះឆ្នោតភ្លូកទឹកភ្លូកដីជាថ្មី ដោយឈរលើគោលជំហរប្រឆាំងប្រទេសចិន ដែលអះអាងកម្មសិទ្ធិលើកោះតៃវ៉ាន់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃសុក្រនេះ ក្រសួងការពារជាតិតៃវ៉ាន់បានិយាយថា នាវាចម្បាំងអាមេរិកនោះ បានធ្វើដំណើរក្នុងទិសដៅទៅទិសខាងជើង កាត់តាមច្រកផ្លូវទឹកដ៏រសើប ហើយកងកម្លាំងតៃវ៉ាន់ បានឃ្លាំមើលយ៉ាងហ្មត់ចត់ នូវការធ្វើដំណើរ ដែលជាបេសកកម្មតាមប្រក្រតីធម្មតានោះ។
គួរបញ្ជាក់ថា កោះតៃវ៉ាន់ គឺជាបញ្ហាទឹកដី និងការទូតដ៏រសើបបំផុតមួយរបស់ប្រទេសចិន ហើយទីក្រុងបេកាំង មិនដែលបដិសេធថា នឹងមិនប្រើប្រាស់កម្លាំងទ័ព ក្នុងការនាំយកកោះនេះ ឲ្យមកស្ថិតនៅក្រោមការគ្រប់គ្រង របស់ខ្លួននោះឡើយ៕ ប្រែសម្រួល៖ប៉ាង កុង