បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយនៅពេលថ្មីៗនេះថា សហរដ្ឋអាមេរិក ត្រូវតែទទួលខុសត្រូវ ចំពោះការបង្កឲ្យមានភាពតានតឹង នៅជុំវិញពិភពលោក តាមរយៈគោលនយោបាយ បរទេសដ៏គឃ្លើននានា ។

នៅក្នុងសន្និសីទកាសែតប្រចាំឆ្នាំ គូសបង្ហាញពីគោលនយោបាយ បរទេសរបស់ប្រទេសរុស្ស៊ី លោក Sergei Lavrov បានលើកឡើងពីការសម្រេចចិត្ត របស់ទីក្រុងវ៉ាស៊ីនតោន សម្លាប់មេបញ្ជាការជាន់ខ្ពស់ យោធាអ៊ីរ៉ង់មួយរូប នៅក្នុងហេតុការណ៍វាយប្រហារ ដោយកូនដ្រូន កាលពីសប្ដាហ៍មុន បង្កឲ្យមានការវាយប្រហារ ដោយមីស៊ីលពីអ៊ីរ៉ង់ ទៅលើមូលដ្ឋានអាមេរិក ពីរកន្លែងនៅក្នុងប្រទេសអ៊ីរ៉ាក់ ។

យោងតាមប្រភពព័ត៌មានពីកាសែត UPI ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ បាននិយាយយ៉ាងដូច្នេះថា “ការកើនឡើងនៅក្នុងភាពតានតឹង រវាងប្រទេសអ៊ីរ៉ង់និងសហរដ្ឋអាមេរិក នឹងមិនជួយដោះស្រាយវិបត្តិណាមួយ នៅក្នុងតំបន់នោះឡើយ ដោយសារភាពតានតឹង នឹងកើនឡើងខ្លាំង”៕ ប្រែសម្រួល៖ប៉ាង កុង
