បរទេស៖ ប៉ូលីសភាគកណ្តាល ប្រទេសវៀតណាមបានរឹបអូសសត្វឆ្មាក្លាសេចំនួន ៦០០ គីឡូក្រាមពីរថយន្តក្រុងដឹកអ្នកដំណើរ មួយគ្រឿង ដែលធ្វើដំណើរ ពីត្បូងទៅជើង។ សាច់ឆ្មាទាំងនោះ ត្រូវបានរក្សាទុក នៅក្នុងធុងស្នោទឹកកកចំនួន ៦ធុង ក្នុងពេលដែលនៅ ក្នុងប្រទេសវៀតណាម គឺមានភោជនីយដ្ឋានជាច្រើន ថែមទាំងបានប្រើសាច់ឆ្មាដែលនាំ ចូលពីប្រទេសចិន ដោយសារតែការផ្គត់ផ្គង់ក្នុង ស្រុកមិនគ្រប់គ្រាន់
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ការរឹបអូស បានធ្វើឡើងនៅទីក្រុង Ky Anh ខេត្ត Ha Tinh កាលពីយប់ថ្ងៃច័ន្ទ បន្ទាប់ពីប៉ូលីសចរាចរណ៍ បញ្ឈប់ឡានក្រុង ដែលបានចាកចេញ ពីខេត្ត Kien Giang ហើយកំពុងធ្វើដំណើរ ទៅខេត្ត Thai Binh ។
លោក ង្វៀន វ៉ាន់ឌិញ ម្ចាស់រថយន្ដក្រុង ដែលដឹកអ្នកដំណើរប្រហែល ៤០ នាក់និងអ្នកបើកបរឈ្មោះ ដាង វ៉ាន់ដុង មិនបានដាក់លិខិត ឬក្រដាសស្នាម សំរាប់ប្រភពដើមនៃសត្វឆ្មាទាំងនោះ នោះទេ។
ម្ចាស់រថយន្តក្រុងនិងអ្នកបើកបរ ត្រូវបានឃុំខ្លួននៅខេត្តភាគកណ្ដាល ដើម្បីធ្វើការស៊ើបអង្កេតបន្ត។
យោងតាមច្បាប់បច្ចុប្បន្នពួកគេ នឹងត្រូវបានស៊ើបអង្កេតចំពោះ “ការដឹកជញ្ជូនទំនិញនៃប្រភពដើមដែលមិនស្គាល់” ។ មិនមានច្បាប់ទាក់ទងនឹងការសម្លាប់ លក់និងបរិភោគសាច់ឆ្មា និងឆ្កែ នៅវៀតណាមទេ។
ទោះបីជាអាជ្ញាធរព្យាយាមឃាត់មនុស្ស មិនឱ្យបរិភោគសាច់ឆ្មាក៏ដោយ ក៏មានមនុស្សជាច្រើន មិនស្តាប់ចូលត្រចៀកនោះដែរ៕ប្រែសម្រួលៈ ណៃ តុលា