ព្រឹត្តិការណ៍

របាយការណ៍៖ កូរ៉េខាងត្បូង នឹងបញ្ជូនយោធាទៅការពារ ប្រឆាំងនឹងចោរសមុទ្រ នៅតំបន់ច្រកសមុទ្រ Hormuz

បរទេស៖ អង្គភាពកងទ័ពជើងទឹកកូរ៉េខាងត្បូង នឹងធ្វើបេសកកម្មការពារប្រជាជន និងនាវារបស់ខ្លួននៅតំបន់ច្រកសមុទ្រ Hormuz ក្រោមបញ្ជាការយោធារបស់ប្រទេស។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Sputnik នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។

ទីភ្នាក់ងារយ៉ុនហាប់ បានរាយការណ៍នៅថ្ងៃអង្គារថា ប្រទេសកូរ៉េខាងត្បូងនឹងពង្រីកតំបន់ប្រតិបត្តិការ របស់អង្គភាពប្រឆាំងនឹងចោរកម្មតាមសមុទ្រ ដែលទាក់ទងទៅនឹងការបញ្ជូន កងទ័ពរបស់ខ្លួនតំបន់ច្រកសមុទ្រ Hormuz ។ ក្រសួងការពារជាតិកូរ៉េខាងត្បូង ក៏បានបញ្ជាក់ពីព័ត៌មាននេះដែរ។

កាលពីមុនសហរដ្ឋអាមេរិក បានជំរុញឱ្យកូរ៉េខាងត្បូង ជួយយាមនាវាដឹកប្រេងនៅក្នុងតំបន់។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូនជេអ៊ីន បាននិយាយកាលពីសប្តាហ៍មុនថា កូរ៉េខាងត្បូងអាចបញ្ជូនកងទ័ពទៅច្រកសមុទ្រ Hormuz ដោយចូលរួមជាមួយសម្ព័ន្ធភាព ដឹកនាំដោយសហរដ្ឋអាមេរិក ប៉ុន្តែបានបន្ថែមថា ការសម្រេចចិត្តនេះត្រូវបានប៉ះពាល់ដោយកត្តាជាច្រើន។

សូមជម្រាបថា ច្រកសមុទ្រ Hormuz គឺជាប៉ុស្តិ៍សំខាន់មួយដែលអ្នកផលិតប្រេងប្រើ ដើម្បីដឹកជញ្ជូនប្រេងឆៅពីមជ្ឈឹមបូព៌ា ទៅកាន់ទីផ្សារជុំវិញពិភពលោក។ ថ្មីៗនេះតំបន់នេះបានក្លាយជាតំបន់ជម្លោះដ៏មានសក្តានុពលមួយ បន្ទាប់ពីការវាយប្រហារជាច្រើន លើនាវាដឹកប្រេងនៅក្នុងដែនទឹកឈូងសមុទ្ររបស់ខ្លួន និងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ប្រឆាំងនឹងទីតាំងប្រេង របស់អារ៉ាប់ប៊ីសាអូឌីត ដោយសហរដ្ឋអាមេរិក បានស្តីបន្ទោសអ៊ីរ៉ង់លើបញ្ហានេះ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top