ព្រឹត្តិការណ៍

អ្នកជំនាញអាជ្ញាធរជាតិអប្សរា បកស្រាយអំពីចម្លាក់ សត្វមករ នៅជើងភ្នំគូលេន ក្នុងសិល្បៈចម្លាក់ខ្មែរ

ភ្នំពេញ៖ ចម្លាក់ទោល «សត្វមករ» ដ៏ធំដែលបានចុះផ្សាយដោយបណ្តាញសង្គម កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ កន្លងមកនេះ មានទីតាំងនៅទំនប់ទឹកមុជជាទំនប់ទឹកបុរាណមួយនៅជើងភ្នំគូលេន ដែលស្ថិតនៅទិសពាយ័ព្យ នៃរមណីយដ្ឋានប្រាសាទបេងមាលា ក្នុងភូមិសាស្រ្តភូមិទឹកលេច ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។

យោងតាមផេកអាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នេះថា តាមការចុះពិនិត្យជាក់ស្តែងរបស់អ្នកជំនាញអាជ្ញាធរជាតិអប្សរា ឃើញមានបំណែកវត្ថុសិល្បៈចំនួន១៤ បំណែកដូចជា ចម្លាក់ក្បាលម្ករដ៏ធំ (បណ្តោយទំហំ២១៣០មីលីម៉ែត្រ ទទឹង៩៥០ មីលីម៉ែត្រ និងកម្ពស់ទំហំ១០៩០មីលីម៉ែត្រ) ចំនួន០១ រួមទាំងបំណែកដងខ្លួនមានសណ្ឋានជាទរទឹកនិងគម្របទរព្រមទាំងបំណែកវត្ថុសិល្បៈផ្សេងៗទៀត ដែលនៅរាយប៉ាយក្បែរនោះ។ ប្រជាពលរដ្ឋមានជំនឿនិងគោរពបូជាបដិមានេះ ជាយូរមកហើយរហូតមកដល់បច្ចុប្បន្ន។ ក្រៅពីនោះ ក៏មានស្លាកស្នាមជាការដ្ឋានយកថ្មភក់ពីបុរាណជាច្រើនកន្លែងនៅក្បែរៗនោះដែរ។

លោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋាន អភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បញ្ជាក់ ថាអាជ្ញាធរជាតិអប្សរា នឹងបន្តការសិក្សាស្រាវជ្រាវ បែបបុរាណវិទ្យា ដើម្បីដឹងច្បាស់ពីប្រវត្តិទីតាំងសម្រាប់ចងក្រងជាឯកសារ ការផ្សព្វផ្សាយ និងអភិរក្សដើម្បីលើកតម្លៃបេតិភណ្ឌជាតិ ព្រមទាំងថែរក្សាជំនឿរបស់ប្រជាពលរដ្ឋក្នុងតំបន់។

លោក អ៊ឹម សុខរិទ្ធី បុរាណវិទូនិងជាប្រធាននាយដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរអប្សរាបានឱ្យដឹងថា៖ មករគឺជាត្រីសមុទ្រមួយប្រភេទ មានខ្លួនធំ ក្បាលខ្លីក្រម៉ុប ធ្មេញនិងចង្កូមស្ញាញគួរឱ្យសម្បើម។ ខ្មែរតែងហៅថាត្រីថ្ករឬឆ្លាមមករ ។ ជាប្រភេទសត្វពេញនិយមតំណាលក្នុងរឿងព្រេងទេវកថា របស់ព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនា ។

ខ្មែរបង្ហាញមករនៅតាមចម្លាក់ លើជញ្ជាំងប្រាសាទ ហោរជាង ផ្តែរ និងចម្លាក់ទោល។ តាមទេវកថាព្រះឥសូរ មករជាយានជំនិះរបស់ព្រះនាងគង្គា តំណាងឱ្យទឹកបរិសុទ្ធ ជាទឹកមន្ត។ ដូច្នោះហើយបានជាមករមានវត្តមាន យ៉ាងសំខាន់នៅតាមប្រាសាទនិងចម្លាក់។ មករអាចមានទ្រង់ទ្រាយរូបភាពផ្សេងៗអាស្រ័យតាមរចនាបថសិល្បៈនៃសម័យកាលមួយៗ។ សិល្បករច្នៃប្រតិដ្ឋរូបភាពម្ករបន្តិចម្តងៗ ទៅតាមទេពកោសល្យរបស់ខ្លួន ហើយក៏ឃ្លៀងឃ្លាតពីធម្មជាតិរបស់ខ្លួនទៅ។

គេអាចមើលឃើញមករនៅក្នុងចម្លាក់សិល្បៈ នៅលើផ្តែរ បង្តាន់ដៃកាំជណ្ដើរ លើជញ្ចាំង នៅជ្រុងដំបូលនៃប្រាសាទដែលជាទបង្ហូរទឹក។ មករក៏មានតួនាទីជាអ្នកយាមទ្វារដែរ។ ជាពិសេស មករមានបង្ហាញខ្លួននៅកន្លែងបញ្ចេញទឹក មានទម្រង់ជាទរបង្ហូរទឹក ដែលភាសាបច្ចេកទេសហៅថា «សោមសូត្រ» មានទម្រង់ស្រដៀងតោ ឬនាគ ដោយមានប្រម៉ោយដូចដំរី ហើយបើកចំហរមាត់ផង។

ដោយពិនិត្យលើរចនាបថសិល្បៈរបស់ចម្លាក់ អ្នកជំនាញយល់ថា ប្រហែលស្ថិតក្នុងសតវត្សរ៍ទី ១១ ដោយយោងតាមចម្លាក់បដិមាស្រដៀង នឹងរចនាបថសិល្បៈនៅប្រាសាទបេងមាលា ដែលរូបម្ករនេះទំនងជាឆ្លាក់និងរៀបចំ ជាក្បាលនៃទរទឹករបស់ស្ទឹងទឹកមុជ ៕

Most Popular

To Top