បរទេស៖ក្រសួងការពារជាតិ តៃវ៉ាន់ បាននិយាយថា យន្តហោះកងទ័ពអាកាសចិន បានហោះហើរឆ្លងកាត់ តាមច្រក Bashi Channel ទៅខាងត្បូងកោះតៃវ៉ាន់ ក្នុងអំឡុងធ្វើសមយុទ្ធ នាថ្ងៃព្រហស្បតិ៍នេះ ហើយនេះគឺជា សមយុទ្ធបែបនេះដំបូង នៅជិតកោះតៃវ៉ាន់ ចាប់តាំងពីតៃវ៉ាន់បានប្រារព្ធធ្វើការបោះឆ្នោតក្នុងខែនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍ដ៏ខ្លីមួយ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា យន្តហោះចិន រួមមានទាំងយន្តហោះទម្លាក់គ្រាប់ H-6 និងយន្តហោះត្រួតពិនិត្យនិង ប្រកាសអាសន្នមុន KJ-500 បានហោះទៅខាងត្បូងតៃវ៉ាន់ កាត់តាមច្រក Bashi Channel ដែលខណ្ឌចែក កោះតៃវ៉ាន់និងប្រទេសហ្វីលីពីន។
គួរបញ្ជាក់ថា ប្រទេសចិនបានអះអាងកោះតៃវ៉ាន់ ជាទឹកដីខ្លួនដែលនឹងត្រូវយកមកវិញដោយប្រើប្រាស់កម្លាំងប្រសិនបើចាំបាច់ ហើយជាញឹកញាប់ចិនបានបញ្ជូនយន្តហោះទម្លាក់គ្រាប់ និងយន្តហោះផ្សេងទៀត ទៅជិតកោះនោះ ចាប់តាំងពីលោកស្រីប្រធានាធិបតី ត្សៃ អ៊ីងវិន បានឡើងកាន់អំណាចដំបូង ក្នុងឆ្នាំ២០១៦៕ ប្រែសម្រួល៖ប៉ាង កុង