បរទេស៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា លោកនឹងចេញសេចក្តីលម្អិតនៃផែនការសន្តិភាពយូរអង្វែងរបស់លោក សម្រាប់តំបន់មជ្ឈិមបូព៌ា នៅមុនពេលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងលោក Benny Gantz ធ្វើទស្សនកិច្ចសេតវិមាននៅសប្ដាហ៍ក្រោយ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅពេលធ្វើដំណើរតាមយន្តហោះ Air Force One ទៅកាន់តំបន់ Miami ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍នយោបាយមួយ លោក ត្រាំ បានមានប្រសាសន៍ថា ពួកប៉ាឡេស្ទីន ជាដំបូង អាចនឹងមានប្រតិកម្មអវិជ្ជមាន ចំពោះផែនការរបស់លោកនេះ ប៉ុន្តែបន្តថា វាពិតជាមានភាពវិជ្ជមានខ្លាំងណាស់ សម្រាប់ពួកគេ។
គួរបញ្ជាក់ថា លោក ត្រាំ បានពិភាក្សាអំពីពេលវេលានៃការចេញផែនការនេះ ជាមួយនឹងស្ថាបនិកផែនការនេះពីររូប គឺទីប្រឹក្សាជាន់ខ្ពស់ លោក Jared Kushner និងលោក Avi Berkowitz ក្នុងខណៈពេលធ្វើដំណើរវិលត្រឡប់មកពីប្រទេសស្វីស មកកាន់ទីក្រុងវ៉ាស៊ីនតោនវិញ កាលពីថ្ងៃពុធ៕
ប្រែសម្រួល៖ប៉ាង កុង