វ៉ាស៊ីនតោន៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោក Jonathan Hoffman បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី ២៤ ខែមករាថា សមាជិកសេវាកម្មអាមេរិកចំនួន ៣៤ នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានការប៉ះទង្គិច និងរបួសខួរក្បាល បន្ទាប់ពីប្រទេសអ៊ីរ៉ង់ បានធ្វើការវាយប្រហារមីស៊ីលផ្លោងទៅលើមូលដ្ឋាន ចំនួនពីរ នៅក្នុងប្រទេសអ៊ីរ៉ាក់ ដោយពាក់កណ្តាល នៃអ្នកទាំងនោះកំពុងទទួលការព្យាបាល។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Hoffman បានប្រាប់អ្នកយកព័ត៌មានថា “ ទាក់ទងទៅនឹងចំនួននៃការរងរបួសនាពេលថ្មីៗនេះ នៅទីនេះមានសមាជិក ៣៤ នាក់ បានធ្វើរោគវិនិច្ឆ័យឃើញថា មានការប៉ះទង្គិចខួរក្បាល និង TBI របួសខួរក្បាល។
យោងតាមទិន្នន័យរបស់ក្រសួងការពារជាតិ គឺសមាជិកសេវាកម្មចំនួន ៨ នាក់ បានធ្វើដំណើរមកដល់សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃសុក្រ ដើម្បីបន្តការព្យាបាលវេជ្ជសាស្រ្ត ចំណែក ៩ នាក់ទៀតត្រូវព្យាបាលនៅប្រទេសអាល្លឺម៉ង់ និងម្នាក់ទៀតត្រូវបានព្យាបាលនៅប្រទេសគុយវ៉ែត ប៉ុន្តែបានវិលត្រឡប់មកបំពេញភារកិច្ចនៅអ៊ីរ៉ាក់៕ប្រែសម្រួលៈ ណៃ តុលា