បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង នៅថ្ងៃសុក្រនេះ បានធ្វើការបញ្ជាក់ថា លោក អតីតមេបញ្ជាការការពារជាតិ ដែលមានបទពិសោធន៍ផ្នែកការទូតនៅមានកម្រិតនោះ ទើបត្រូវបានតែងតាំងឲ្យកាន់តំណែង ជារដ្ឋមន្ត្រីការបរទេសថ្មី របស់ប្រទេសកូរ៉េខាងជើង។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA បានរាយការណ៍ថា លោក Ri Son Gwon ដែលជាមន្ត្រីយោធាថ្មីបំផុត ដែលត្រូវតែងតាំងក្រោមការដឹកនាំរបស់មេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន នោះ បានថ្លែងសុន្ទរកថាមួយ ក្នុងនាមជារដ្ឋមន្ត្រី នៅក្នុងពិធីពិសាអាហារឆ្នាំថ្មី ដែលរៀបចំឡើងដោយក្រសួង នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ សម្រាប់ស្ថានទូតនិងអង្គការអន្តរជាតិ។
គួរបញ្ជាក់ថា ការតែងតាំងនេះ បានក្លាយជារឿងដ៏ភ្ញាក់ផ្អើល ចំពោះអ្នកឃ្លាំមើលប្រទេសកូរ៉េខាងជើង ស្របពេលកិច្ចពិភាក្សានុយក្លេអ៊ែជាមួយអាមេរិកជាប់គាំង ដោយសារតែលោកមិនមានបទពិសោធន៍ណាមួយ ក្នុងកិច្ចចរចាដោះស្រាយបញ្ហានុយក្លេអ៊ែ ឬក៏ចរចាជាមួយមន្ត្រីអាមេរិកនោះទេ៕
ប្រែសម្រួល៖ប៉ាង កុង