បរទេស៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានមានប្រសាសន៍ថា ទីក្រុងអង់ការ៉ា កំពុងតែបាត់បង់ភាពអំណត់ ចំពោះប្រតិបត្តិការវាយលុកដោយយោធា នៅក្នុងតំបន់ Idlib ប្រទេសស៊ីរី និងថា ប្រទេសរុស្ស៊ីកំពុងតែបំពានកិច្ចព្រមព្រៀង ដែលមានគោលដៅរារាំងមិនឲ្យមានជម្លោះនៅទីនោះ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅលើយន្តហោះត្រឡប់មកពីទីក្រុង Senegal វិញ លោកប្រធានាធិបតីតួកគីរូបនេះ បានមានប្រសាសន៍ថា ប្រទេសតួកគី ដែលកំពុងតែសាងសង់អគារនៅក្នុងតំបន់ Idlib ប្រទេសស៊ីរីភាគខាងជើង ដើម្បីផ្តល់ជម្រកឲ្យជនស៊ីវិលដែលរត់គេចពីការទម្លាក់គ្រាប់បែកនោះ នៅពេលថ្មីៗនេះ បានប្រាប់ប្រទេសរុស្ស៊ីហើយថា ខ្លួនកកំពុងតែអស់ភាពអត់ធ្មត់។

គួរបញ្ជាក់ថា ប្រទេសតួកគីនិងប្រទេសរុស្ស៊ី ដែលគាំទ្រភាគីខុសគ្នានៅក្នុងប្រទេសស៊ីរី បានព្រមព្រៀងគ្នាធ្វើការងារឆ្ពោះទៅរកការបញ្ចប់ការប្រយុទ្ធគ្នា នៅក្នុងតំបន់ Idlib និងបង្កើតតំបន់សគ្មានយោធា ស្ថិតក្រោមកិច្ចព្រមព្រៀងក្នុងឆ្នាំ២០១៧និង២០១៨ ដែលមានឈ្មោះថា កិច្ចព្រមព្រៀងអាតាណានិងស៊ូជី៕ ប្រែសម្រួល៖ប៉ាង កុង
