ព្រឹត្តិការណ៍

ឥណ្ឌាអាចនឹងអញ្ជើញ អូស្ត្រាលីឲ្យចូលរួម ក្នុងសមយុទ្ធទ័ពជើងទឹកជាមួយ អាមេរិកនិងជប៉ុន

បរទេស៖ ប្រទេសឥណ្ឌា តាមសេចក្តីរាយការណ៍ កំពុងតែពិចារណាធ្វើការអញ្ជើញអូស្ត្រាលី ឲ្យចូលរួមក្នុងសមយុទ្ធទ័ពជើងទឹកត្រីភាគី Malabar ជាមួយសហរដ្ឋអាមេរិកនិងជប៉ុន នៅក្នុងឆ្នាំនេះ ហើយប្រសិនបើការអញ្ជើញនេះនឹងកើតមានមែននោះ វានឹងជាលើកទីមួយ ដែលប្រទេសទាំងនេះ ជួបជុំគ្នាក្នុងសមយុទ្ធចម្បាំងលើផ្ទៃសមុទ្រ។

ប្រភពព័ត៌មានមួយបាន និយាយកាលពីថ្ងៃអង្គារថា មានសកម្មភាពធ្វើឡើងដោយប្រទេសឥណ្ឌា ដើម្បីរួមបញ្ចូលប្រទេសអូស្ត្រាលី ក្នុងសមយុទ្ធ Malabar លើកទី២៤ ដែលនឹងប្រារព្ធធ្វើឡើង នៅឈូងសមុទ្របេងហ្គាល់ ចាប់ពីខែកក្កដាដល់ខែសីហា ប៉ុន្តែការសម្រេចចិត្តចុងក្រោយ នៅមិនទាន់បានធ្វើឡើងនៅឡើយទេ។ 

គួរបញ្ជាក់ថា កាលពីខែមេសាឆ្នាំមិញ ប្រទេសឥណ្ឌានិងអូស្ត្រាលី បានធ្វើសមយុទ្ធទ័ពជើងទឹកដ៏ធំបំផុតរបស់ខ្លួន ឈ្មោះ AusIndEx ដើម្បីកសាងសមត្ថភាពអន្តរប្រតិបត្តិការ នៅក្បែរតំបន់ឆ្នេរ Visakhapatnam ដែលក្រោយមកមានកិច្ចពិភាក្សាគ្នា២បូក២ នៅក្នុងចំណោមរដ្ឋមន្ត្រីការពារជាតិនិងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទាំងពីរ នៅក្នុងខែធ្នូ៕ ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top