តេហរ៉ង៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទទី៣ខែកុម្ភៈនេះបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់តាមរយៈទីភ្នាក់ងារអាតូមិករបស់ខ្លួនដែលហៅ កាត់ថាAEOIបានធ្វើការបញ្ជាក់យ៉ាងច្បាស់កាលពីថ្ងៃម្សិលមិញ ថាខ្លួននឹងនៅតែបន្តកម្មវិធីនុយក្លេអ៊ែរដដែលទោះបីជា កំពុងស្ថិតនៅក្នុងស្ថានភាពរងសំពាធខ្លាំងពីសំណាក់ មហាអំណាចអាមេរិកក្តី។
សេចក្តីប្រកាសដែលធ្វើឡើងដោយ សំដៅទៅលើការដាក់ទណ្ឌកម្មថ្មីៗរបស់សហរដ្ឋអាមេរិក លើប្រធាននៃទីភ្នាក់ងារ AEOI គឺលោក Ali Akbar Salehi បាននិយាយថាជារឿយៗជនជាតិអាមេរិកប៉ុនប៉ងបង្កើតបរិយាកាសបែបសំពាធផ្លូវចិត្តដល់អ៊ីរ៉ងប៉ុន្តែតាមពិតពួកគេនឹងមិនទទួលបានជោគជ័យឡើយ ហើយបញ្ជាក់ថាទណ្ឌកម្មទាំងឡាយគឺអត់ប្រយោជន៍និងអត់ប្រសិទ្ធភាព។
គួរឲ្យដឹងដែរថានៅមុនការ ប្រកាសនេះប៉ុន្មានថ្ងៃពោលគឺកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នេះរតនាគាររបស់សហរដ្ឋអាមេរិកបានធ្វើការប្រកាស ដាក់ទណ្ឌកម្មមួយចំនួនទៀតប្រឆាំងទៅនឹងមេដឹកនាំ នៃទីភ្នាក់ងារAEOIរូបនេះរួចមកហើយ៕ ប្រែសម្រួល៖ស៊ុនលី