បរទេស៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងបច្ចេកវិទ្យាគមនាគមន៍ របស់ប្រទេសអ៊ីរ៉ង់ លោក Mohammad-Javad Azari Jahromi បានប្រកាសថា អ៊ីរ៉ង់បានចាប់ផ្តើមអភិវឌ្ឍយានអវកាស ដោយមានគោលបំណង បញ្ជូនអវកាសយានិកទៅអវកាសដោយឯករាជ្យ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមការលើកឡើងរបស់លោក Jahromi នៅក្នុងវេទិកាមួយកាលពីថ្ងៃអង្គារ និងត្រូវបានដកស្រង់សម្តី ដោយទីភ្នាក់ងារសារព័ត៌មាននិស្សិតអ៊ីរ៉ង់ (ISNA) ថា «ថ្ងៃនេះយើងត្រៀមប្រកាសនេះហើយ។
ថ្ងៃនេះយើងបានដឹកនាំមជ្ឈមណ្ឌលស្រាវជ្រាវ របស់ក្រសួងវិទ្យាសាស្រ្តបង្កើតយានអវកាសចំនួន ៥ សម្រាប់យើងក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ដើម្បីបញ្ជូនមនុស្សទៅក្នុងគន្លងគោចរចម្ងាយ ១៩០ គីឡូម៉ែត្រ (១១៨ ម៉ែល) »។ កាលពីខែមករាលោក Jahromi បាននិយាយថា អ៊ីរ៉ង់បានត្រៀមផ្កាយរណបចំនួន ៦ ដើម្បីបាញ់បង្ហោះទៅកាន់ទីអវកាស។
កាលពីមុនរដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ថា អ៊ីរ៉ង់គ្រោងនឹងបញ្ជូនអវកាសយានិកមួយរូបទៅកាន់ទីអវកាស ប៉ុន្តែវាត្រូវការជំនួយពីប្រទេសដទៃទៀតដើម្បីធ្វើដូច្នេះ។ លោក Jahromi បានលើកឡើងពីប្រទេសរុស្ស៊ីជាពិសេសថាជាប្រទេសមួយដែលប្រទេសអ៊ីរ៉ង់ ចង់ធ្វើកិច្ចចរចាទាក់ទងនឹងជំនួយក្នុងការ បញ្ជូនអវកាសយានិកអ៊ីរ៉ង់ទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) ។ ប្រែសម្រួលៈ ណៃ តុលា