ទីក្រុងបាសេឡូណា៖ ក្រុមហ៊ុន Amazon របស់សហរដ្ឋអាមេរិក គឺជាក្រុមហ៊ុនបច្ចេកវិទ្យាចុងក្រោយបង្អស់ ដែលបានដកខ្លួនចេញពីការចូលរួម ពិព័រណ៍ពាណិជ្ជកម្មពិភពលោក សមាជទូរស័ព្ទ “Mobile World Congress” នៅខែនេះក្នុងទីក្រុងបាសេឡូណា ដោយសារតែការឆ្លងវីរុសថ្មីនេះ យោងតាមការចេញផ្សាយពី SkyNews។
MWC ជាធម្មតាទាក់ទាញអ្នកទេសចរជាង១០ម៉ឺននាក់ ទៅកាន់ទីក្រុងបាសេឡូណា ដោយមានអ្នកទេសចរចំនួនរហូតដល់៦០០០ នាក់មកពីប្រទេសចិនជាកន្លែងផ្ទុះជំងឺនេះ ចាប់ផ្តើមពេលនេះមានស្លាប់មនុស្សជាង១០០០នាក់ ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Amazon បាននិយាយថា ដោយសារតែការផ្ទុះឡើង និងការព្រួយបារម្ភជាបន្តអំពីមេរោគថ្មីនេះ ក្រុមហ៊ុននឹងដកខ្លួនចេញពីការដាក់តាំងបង្ហាញ និងចូលរួមនៅក្នុងសមាជទូរស័ព្ទពិភពលោកឆ្នាំ ២០២០។
ឧបករណ៍កុំព្យូទ័Cloud របស់Amazon Web Services (AWS) របស់ក្រុមហ៊ុន Amazon ត្រូវបានគ្រោងនឹងរៀបចំកម្មវិធីសន្និសីទពេញមួយថ្ងៃនៅថ្ងៃដំបូងនៃព្រឹត្តិការណ៍នៅថ្ងៃទី ២៤ ខែកុម្ភៈ។
សេចក្តីប្រកាសនេះធ្វើឡើង បន្ទាប់ពីមានការសម្រេចចិត្តស្រដៀងគ្នា ពីក្រុមហ៊ុនរួមមានក្រុមហ៊ុនស៊ុយអែត Ericsson ជាក្រុមហ៊ុនតាំងពិព័រណ៍ធំជាងគេមួយនៅក្នុងព្រឹត្តិការណ៍នោះ គឺក្រុមហ៊ុនដំណើរការកុំព្យូទ័រអាមេរិច Nvidia និងក្រុមហ៊ុនកូរ៉េ LG ។
GSMA ជាសមាគមឧស្សាហកម្មទូរគមនាគមន៍សកលនៅពីក្រោយ MWC បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អ្នកតាំងពិព័រណ៍ធំៗ មួយចំនួនបានសម្រេចចិត្តមិនមកបង្ហាញនៅឆ្នាំនេះ ជាមួយអ្នកផ្សេងទៀតដែលកំពុងពិចារណា អំពីជំហានបន្ទាប់៕ ដោយ៖លី ភីលីព