បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារទី១១ខែកុម្ភៈនេះ បានឲ្យដឹងថាសាកលវិទ្យាល័យឯកជនមួយ ដែលមានអាយុ ១១៥ ឆ្នាំនៅរដ្ឋOregonនៃប្រទេស អាមេរិក បានប្រកាសបិទជាផ្លូវការ ទាំងគួរឲ្យភ្ញាក់ផ្អើល ។ សាលាត្រូវបានគេស្គាល់ឈ្មោះថា Concordia Univerisity of Portland (CUP)។
ការប្រកាសនោះត្រូវបានគេដឹងដែរថាមូលហេតុចំបង ដែលនាំទៅដល់ការបិទទ្វារទាំងស្រុងបែបនេះ គឺដោយសារសាលាបានជាប់បំណុលហិរញ្ញវត្ថុច្រើនពេក ចំណែកឯការចុះឈ្មោះនិស្សិតថ្មីបន្ថែមក៏កាន់តែខ្សត់ទៅ។
តាមការអះអាងរបស់សាកលវិទ្យាធិកាលោក Thomas Ries បានបញ្ជាក់ថាប្រភពទ្រទ្រង់សាលាធំបំផុត គឺថ្លៃចុះឈ្មោះចូលរៀន ប៉ុន្តែចុងក្រោយនេះតួលេខបានធ្លាក់ចុះយ៉ាងខ្លាំង ។
គួរបញ្ជាក់ថាសាលា CUP ត្រូវបានបង្កើតឡើងដំបូង តាំងតែពីឆ្នាំ១៩០៥មកម្ល៉េះដោយផ្តោតសំខាន់ ទៅលើមុខវិជ្ជាអប់រំគ្រប់គ្រងនិងច្បាប់ហើយមកដល់ពេលនេះ CUP ជាសាលាឯកជនទី៣ហើយក្នុងតំបន់នេះ ដែលត្រូវបានប្រកាសបិទចាប់តាំងតែពីឆ្នាំ២០១៨ ៕
ប្រែសម្រួល៖ស៊ុនលី