បរទេស៖ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី បាននិយាយ ក្នុងសន្និសីទព័ត៌មាន នៅថ្ងៃអាទិត្យនេះថា ប្រទេសអ៊ីរ៉ង់ នឹងមិនប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា ជាមួយសត្រូវដ៏យូរអង្វែង របស់ខ្លួន គឺសហរដ្ឋអាមេរិកនោះឡើយ ហើយជំនួយរបស់ទីក្រុង តេអេរ៉ង់ គឺមានសារៈ សំខាន់ក្នុងការបង្កើតសន្តិសុខ នៅក្នុងតំបន់ មជ្ឈិមបូព៌ា។
លោក រ៉ូហានី បានមានប្រសាសន៍ យ៉ាងដូច្នេះថា “ប្រទេសអ៊ីរ៉ង់ នឹងធ្វើកិច្ចចរចាគ្នា ក្នុងពេលស្ថិតក្រោមសម្ពាធនោះឡើយ ហើយយើងនឹង មិនឱនក្បាលចំពោះសម្ពាធរបស់អាមេរិកនោះទេ និងយើងមិនចារចាពីចំណុចខ្សោយឡើយ។ សម្ពាធអតិបរិមារបស់អាមេរិក ចំពោះប្រទេសអ៊ីរ៉ង់ នឹងត្រូវតែបរាជ័យ”។
យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា លោកប្រធានាធិបតីអ៊ីរ៉ង់រូបនេះ ក៏បានមានប្រសាសន៍ផងដែរថា “ការរក្សាសន្តិសុខនិងស្ថិរភាពនៅតំបន់រសើបនៃតំបន់មជ្ឈិមបូព៌ា និងនៅឈូងសមុទ្រពែរ្ស គឺមិនអាចទៅរួចនោះឡើយ ដោយគ្មានជំនួយពីអ៊ីរ៉ង់នោះ”៕


