បរទេស៖ សហភាពអឺរ៉ុបនៅថ្ងៃចន្ទសប្ដាហ៍នេះ បានព្រមព្រៀងគ្នាដាក់ពង្រាយនាវាចម្បាំង ដើម្បីពង្រឹងបម្រាមនាំចូលអាវុធ ដែលអន្តរជាតិទាំងអស់គាំទ្រ ប្រឆាំងនឹងប្រទេសលីប៊ី នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។
លោក Josep Borrell ជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេសរបស់សហភាពអឺរ៉ុប បាននិយាយថា រដ្ឋមន្ត្រីការបរទេសចំនួន២៧រូប មកពីប្រទេសជាសមាជិកសហភាពអឺរ៉ុប បានព្រមព្រៀងគ្នាបើកប្រតិបត្តិការថ្មីមួយ ជាមួយនាវាទ័ពជើងទឹក យន្តហោះ និងផ្កាយរណប ដើម្បីបញ្ឈប់ការហូរចូលសព្វាវុធទៅក្នុងប្រទេសលីប៊ី ។
លោក Borrell ក៏បានមានប្រសាសន៍ផងដែរថា រដ្ឋមន្ត្រីការបរទេសទាំងនោះ ក៏បានព្រមព្រៀងគ្នាផងដែរថា នាវានឹងត្រូវដាក់ពង្រាយត្រឹមតែនៅតំបន់ឆ្នេររបស់ប្រទេសលីប៊ី តាមផ្លូវដែលនាវាដឹកអាវុធធ្វើដំណើរកាត់ ដោយសារការដាក់ពង្រាយកម្លាំងនៅលើគោក មិនអាចទប់ស្កាត់ការដឹកជញ្ជូនអាវុធទាំងអស់បានទេ ព្រោះផ្នែកដ៏សំខាន់នៃការចរាចរអាវុធ គឺនៅតាមផ្លូវសមុទ្រ៕ ប្រែសម្រួល៖ប៉ាង កុង