សេអ៊ូល៖ ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូល បានឲ្យដឹងថាប្រមុខការពារជាតិកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងធ្វើកិច្ចចរចានៅទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍ក្រោយដើម្បីពិភាក្សាពីស្ថានភាពសន្តិសុខនៅឧបទ្វីបកូរ៉េ និងបញ្ហាដែលមិនទាន់សម្រេច។
រដ្ឋមន្ត្រីការពារជាតិលោក Jeong Kyeong-doo នឹងចាកចេញពីទីក្រុងសេអ៊ូល ក្នុងដំណើរទស្សនកិច្ច ៦ ថ្ងៃទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យសម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក នៅទីនោះចាប់តាំងពីរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Mark Esper បានចូលកាន់តំណែងកាលពីខែកក្កដា ឆ្នាំមុន។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានៅថ្ងៃច័ន្ទនេះ ភាគីទាំងពីរនឹងពិភាក្សាអំពីបញ្ហារាប់ចាប់ពីសមយុទ្ធយោធារួមគ្នារបស់សម្ព័ន្ធមិត្តរហូតដល់ការចរចារការចែករំលែកតម្លៃ ដើម្បីកំណត់ថាតើទីក្រុងសេអ៊ូលគួរចំណាយប៉ុន្មានសម្រាប់ការថែរក្សាកងទ័ពអាមេរិកចំនួន ២៨.៥០០ នាក់ដែលឈរជើងនៅទីនេះ៕ដោយ ឈូក បូរ៉ា

