ប្រវត្តិសាស្ត្រកាលពីឆ្នាំ ១៩៩៥ ព្រិត្តិការណ៍វាយប្រហារ ដោយក្រុមដែលត្រូវបានគេចាត់ទុកថា ជាភេវរកម្មនៅក្នុងប្រទេសជប៉ុន បានបណ្តាលឲ្យមានអ្នកស្លាប់ប្រមាណជា១២នាក់ និងមនុស្សប្រមាណជា ៥៥០០ នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅព្យាបាល នៅតាមមន្ទីរពេទ្យនានាភ្លាមៗ ដោយសារការតែឧស្ម័នពុលម្យ៉ាង ដែលមានឈ្មោះថា Sarin gas ។
អ្នករស់រានមានជីវិតភាគច្រើន បានជាសះស្បើយឡើងវិញ ប៉ុន្តែជនរងគ្រោះមួយចំនួន បានទទួលរងការខូចខាតជាអចិន្ត្រៃយ៍ ទៅលើភ្នែកសួតនិងប្រព័ន្ធរំលាយអាហារជាដើមរបស់ពួកគេ ។ អនុគណៈកម្មាធិការព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលក្រោយមកបានធ្វើការប៉ាន់ប្រមាណថា ប្រសិនបើឧស្ម័នសារីនត្រូវបានវាយប្រហារនៅឯស្ថានីយ Kasumigaseki ដែលជាមជ្ឈមណ្ឌលប្រព័ន្ធរថភ្លើងក្រោមដី នាក្រុងតូក្យូបានទទួលជោគជ័យមែននោះ មនុស្សរាប់ម៉ឺននាក់អាចនឹងត្រូវបានបាត់បង់ជីវិត ។
នាថ្ងៃទី២០ខែមិនកាលពីឆ្នាំ១៩៩៥ ស្ថិតនៅក្នុងម៉ោងដ៏មមាញឹកបំផុតនាពេលព្រឹក នៅទីក្រុងតូក្យូប្រទេសជប៉ុន ក្រុមភេរវកម្មដែលគោរពសាសនា Aum Shinrikyo ដែលជិះលើរថភ្លើងក្រោមដីដាច់ដោយឡែកពីគ្នា បានជួបគ្នានៅស្ថានីយដ្ឋាន Kasumigaseki ហើយលួច បំភាយនូវឧស្ម័ន Sarin ដ៍សាហាវចូលទៅក្នុងអាកាស ។ ភេរវករបន្ទាប់បានគេចខ្លួនបាត់ ខណៈពេលដែលអ្នកដំណើរទាំងឡាយ ចាប់ផ្តើមងងឹតភ្នែកនិងស្រែកថ្ងូរដោយពិបាកដកដង្ហើម និងបានប្រញាប់ប្រញាល់រត់ចេញពីស្ថានីយរថភ្លើង ។
គួរបញ្ជាក់ថា Sarin gas គឺជាសារជាតិពុលម្យ៉ាងដែលនឹងអាចចូលទៅបំផ្លាញសរសៃប្រសាទ ដែលបង្ខំសាច់ដុំរបស់រាងកាយឱ្យឈឺចាប់ខ្លាំងហួសប្រមាណ និងនាំឱ្យមានការប្រកាច់ដោយការបាត់បង់ដង្ហើម ហើយជាធម្មតាគឺអាចស្លាប់បានយ៉ាងលឿននិងងាយបំផុត ៕
ប្រែសម្រួល:ស៊ុនលី