បរទេស៖ ទូរទស្សន៍BBCចេញផ្សាយនៅថ្ងៃអង្គារទី១៨ខែកុម្ភៈនេះ បានឲ្យដឹងថាមហាសេដ្ឋីពាន់លាននិងត្រូវបានគេស្គាល់ថា កំពូលមនុស្សមានទ្រព្យសម្បត្តិច្រើនជាងគេ លើលោកគឺលោកJeff Bezosនោះបានប្រកាសថា លោកនឹងបរិច្ចាគប្រាក់ ប្រមាណជា១០ពាន់លានដុល្លារ សម្រាប់កិច្ចការងារប្រយុទ្ធប្រឆាំង ទៅនឹងបម្រែបម្រួលអាកាសធាតុ ។
កញ្ចប់ប្រាក់ដ៏ច្រើនសន្ធឹកនេះនឹងត្រូវយកទៅ ដើម្បីធ្វើការងារជាមួយនឹងក្រុមការងារ អ្នកវិទ្យាសាស្ត្រក្រុមសកម្មជនបរិស្ថាន និងក្រុមការងារពាក់ព័ន្ធផ្សេងទៀតផង ។ លោកBezosបាននិយាយថាខ្ញុំចង់ធ្វើការជាមួយនឹងមនុស្ស ដែលមានគំនិតថ្មីក្នុងការងារ ដើម្បីគេចពិភពលោក ឲ្យចេញឆ្ងាយពីគ្រោះថ្នាក់ធម្មជាតិ បាននាពេលខាងមុខ។
តាមរយៈការប្រកាសនៅលើគណនេយ្យ Instagramរបស់លោកBezosលោកបានបញ្ជាក់ទៀតថា កញ្ចប់លុយនោះនឹងត្រូវបែងចែកទៅកាន់ក្រុមការងារទាំងនោះ នៅក្នុងរដូវក្តៅខាងមុខនេះហើយ។តាមទំហំទឹកប្រាក់នេះមានន័យថា វាអាចស្មើទៅនឹង៨ភាគរយនៃទ្រព្យសម្បត្តិ ដែលលោកBezosកំពុងកាន់បច្ចុប្បន្ន ប្រមាណជា១៣០ពាន់លានដុល្លារ៕
ប្រែសម្រួល៖ស៊ុនលី