បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនិងប្រទេសឥណ្ឌា កំពុងតែធ្វើការងារលើកិច្ចព្រមព្រៀងជំនួញដ៏ធំមួយ ប៉ុន្តែលោកនៅមិនប្រាកដទេថា កិច្ចព្រមព្រៀងនោះ នឹងសម្រេចនៅមុនការបោះឆ្នោត ជ្រើសប្រធានាធិបតីអាមេរិក ក្នុងខែវិច្ឆិកា ។
នាថ្ងៃអង្គារសប្ដាហ៍នេះ នៅក្រៅយន្តហោះ Air Force One នៅមូលដ្ឋានយោធាចម្រុះ Andrews ក្នុងរដ្ឋម៉ារីលេន លោក ត្រាំ បាននិយាយប្រាប់អ្នកសារព័ត៌មានដូច្នេះថា “យើងអាចមានកិច្ចព្រមព្រៀងជំនួញមួយ ជាមួយប្រទេសឥណ្ឌា ប៉ុន្តែខ្ញុំពិតជានិយាយថា កិច្ចព្រមព្រៀងដ៏ធំនឹងមានសម្រាប់ពេលក្រោយតទៅ”។

ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ បានរាយការណ៍ថា លោក ត្រាំ បានមានប្រសាសន៍បន្តដូច្នេះថា “យើងកំពុងតែធ្វើកិច្ចព្រមព្រៀងជំនួញដ៏ធំមួយ ជាមួយប្រទេសឥណ្ឌា យើងនឹងសម្រេចវា តែខ្ញុំមិនដឹងថា វានឹងសម្រេចនៅមុនពេលបោះឆ្នោតដែរឬក៏អត់នោះទេ ប៉ុន្តែយើងនឹងមានកិច្ចព្រមព្រៀងដ៏ធំជាមួយឥណ្ឌា”៕ ប្រែសម្រួល៖ប៉ាង កុង
