សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយឃោសនារបស់កូរ៉េខាងជើង បានរិះគន់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន ជុំវិញសុន្ទរកថាថ្មីៗ របស់លោកដែលសង្កត់ធ្ងន់លើសារៈសំខាន់ នៃសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក ដោយចោទប្រកាន់លោកថា មានអាកប្បកិរិយាតូចតាច ដោយទទូចសុំជំនួយពីខាងក្រៅ ដើម្បីដោះស្រាយបញ្ហាអន្តរអន្តរកូរ៉េ ។
កាលពីថ្ងៃទី០៨ ខែកុម្ភៈលោកមូន បានថាសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក គឺចាំបាច់ដើម្បីរក្សាសន្តិភាព និងសេរីភាពនៅលើឧបទ្វីបកូរ៉េ នៅក្នុងសារជាវីដេអូក្នុងពិធីទទួលបដិសណ្ឋារកិច្ច របស់សមាគមអភិបាលកិច្ចជាតិអាមេរិក (NGA) នៅឯស្ថានទូតកូរ៉េខាងត្បូង នៅទីក្រុងវ៉ាស៊ីនតោន។
លោកមូន បានបន្ថែមទៀតថាចំណងទាក់ទងសេអ៊ូល – វ៉ាស៊ីនតោន បានវិវត្តន៍ទៅជាសម្ព័ន្ធមិត្តដ៏អស្ចារ្យមួយ ដែលហួសពីតំបន់សន្តិសុខ ទៅជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពិភពលោក ។ លោកបានហៅអភិបាលនីមួយៗថា ជាស្ពានដែលអាចទុកចិត្តបាន ដែលអាចជួយជំរុញការផ្លាស់ប្តូរ ប្រកបដោយភាពស្វាហាប់រវាងសម្ព័ន្ធមិត្ត ៕ ដោយ ឈូក បូរ៉ា