បរទេស៖ប្រទេសកូរ៉េខាងជើង នៅពេលថ្មីៗនេះ បានធ្វើការចោទប្រកាន់ប្រទេសជប៉ុន ពីបទមានមហិច្ឆតាធ្វើការឈ្លានពានឧបទ្វីបកូរ៉េជាថ្មី ដោយសំដៅដល់សហសមយុទ្ធយោធាមួយជាមួយ សហរដ្ឋអាមេរិក នេះបើតាមសេចក្តីរាយការណ៍ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI។
ទីភ្នាក់ងារសាព័ត៌មានគ្រប់គ្រង ដោយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង ឈ្មោះ KCNA បាននិយាយថា សមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងប្រទេសជប៉ុន គឺជាទង្វើបង្កហេតុ និងបានប្រព្រឹត្តធ្វើឡើងជាញឹកញាប់ ហើយការពោលបែបនេះរបស់កាសែតកូរ៉េខាងជើងនេះ គឺសំដៅដល់សមយុទ្ធដែលបានប្រារព្ធធ្វើឡើង នៅថ្ងៃទី០៣ ខែកុម្ភៈ។
គួរបញ្ជាក់ថា សមយុទ្ធយោធានោះ គឺត្រូវបានធ្វើឡើងនៅលើតំបន់ឆ្នេរភាគខាងជើងប្រទេសជប៉ុន រវាងកងម្លាំងអាមេរិកនិងកងកម្លាំងជប៉ុន និងរួមទំាងមានការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ B-52H មួយគ្រឿង យន្តហោះចម្បាំង F-16 និងយន្តហោះចម្បាំង F-2៕ ប្រែសម្រួល៖ប៉ាង កុង