ព្រឹត្តិការណ៍

អនុគណៈកម្មាធិការ ព្រឹទ្ធសភាអាមេរិក នឹងបើកកិច្ចប្រជុំ ស្តីពីគោលនយោបាយ លើកូរ៉េខាងជើង

បរទេស៖ អនុគណៈកម្មាធិការព្រឹទ្ធសភាសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នឹងប្រារព្ធធ្វើកិច្ចប្រជុំមួយនៅសប្ដាហ៍ក្រោយនេះ ជាមួយអតីតមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីពិភាក្សាគ្នាស្តីពីគោលនយោបាយលើប្រទេសកូរ៉េខាងជើង ។

យោងតាមប្រភពព័ត៌មាន ដែលចេញផ្សាយដោយកាសែតកូរ៉េខាងត្បូង ឈ្មោះ យុនហាប់ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានឲ្យដឹងថា កិច្ចប្រជុំ ដែលមានឈ្មោះថា “គោលនយោបាយលើកូរ៉េខាងជើង ក្រោយមួយឆ្នាំបន្ទាប់ពីទីក្រុងហាណូយ” នេះ នឹងត្រូវបានប្រារព្ធឡើងនៅថ្ងៃអង្គារសប្ដាហ៍ក្រោយ ដោយអនុគណៈកម្មាធិការទំនាក់ទំនងបរទេស ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងគោលនយោបាយសន្តិសុខអ៊ីនធឺណេតប៉ាស៊ីហ្វិកនិងអន្តរជាតិ។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះ ត្រូវបានគេរំពឹងថា នឹងផ្តោតលើកិច្ចចរចាលុបបំបាត់នុយក្លេអ៊ែ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង ដែលបានជាប់គាំងចាប់តាំងពីជំនួបកំពូលបរាជ័យ រវាងប្រធានាធិបតីសហរដ្ឋអាមេរិកនិងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីខែកុម្ភៈ ឆ្នាំ២០១៩៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top