បរទេស៖ ប្រទេសបារាំងនិងប្រទេសអាល្លឺម៉ង់ តាមសេចក្តីរាយការណ៍ បានចុះហត្ថលេខាកិច្ចព្រមព្រៀងមានទំហំទឹកប្រាក់ ១៥០ លានអឺរ៉ូ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីអភិវឌ្ឍផលិតគំរូយន្តហោះចម្បាំងជំនាន់ថ្មី ហើយនេះជាគម្រោងមួយ ដែលគេមើលឃើញថា មានសារៈសំខាន់ចំពោះអឺរ៉ុបដើម្បីការពារខ្លួនឯង ដោយមិនពឹងផ្អែកលើសម្ពន្ធមិត្តនានា ក្នុងពិភពកាន់តែមិនប្រាកដប្រជាខ្លាំងឡើង។

រដ្ឋមន្ត្រីកងកម្លាំងប្រដាប់អាវុធបារាំង លោក Florence Parly បាននិយាយប្រាប់អ្នកសារព័ត៌មាន ក្រោយពិធីចុះហត្ថលេខា ជាមួយរដ្ឋមន្ត្រីមកពីប្រទេសពីរផ្សេងទៀតថា “នេះគឺជាគម្រោងប្រកបដោយមហិច្ឆតាខ្លាំងមួយ រវាងប្រទេសបារាំង អាល្លឺម៉ង់និងចូលរួមដោយអេស្ប៉ាញ”។

យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា លោករដ្ឋមន្ត្រីបារាំងរូបនេះ បានបន្តទៀតថា “វានឹងធ្វើឲ្យប្រទេសរបស់យើង អាចប្រឈមមុខនឹងការគម្រាមំហែង និងភាពលំបាកនានា នៅពាក់កណ្ដាលក្រោយនៃសតវត្សទី២១ និងបង្ហាញពីឆន្ទៈនិងមហិច្ឆតារបស់យើង ចំពោះប្រព័ន្ធការពារអឺរ៉ុប”៕ ប្រែសម្រួល៖ប៉ាង កុង
