បរទេស៖ក្រោយប៉ុន្មានសប្ដាហ៍បន្ទាប់ ចូលពាក់ព័ន្ធក្នុងសង្គ្រាមស៊ីរី កងកម្លាំងតួកគី នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើប្រតិបត្តិការវាយលុកមួយ នៅក្នុងខេត្ត Idlib ដោយផ្តោតគោលដៅលើកងកម្លាំងរដ្ឋាភិបាល របស់ប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់អាសាដ។
ប្រទេសតួកគីបាននិយាយថា កងកម្លាំងរបស់ខ្លួន និងក្រុមប្រឆាំងនឹងលោក អាសាដ កំពុងតែប្រយុទ្ធនឹង រដ្ឋាភិបាលស៊ីរី ក្នុងគោលបំណងវាយដណ្ដើម កាន់កាប់ ទីលំនៅជិតទីក្រុងយុទ្ធសាស្ត្រ Saraqib ហើយក្រសួង ការពារជាតិតួកគី បាននិយាយថា ខ្លួនបានផ្តោតគោលដៅលើកងកម្លាំងរដ្ឋាភិបាល ដោយប្រើកាំភ្លើងធំ និងក្រុមពួកឧទ្ទាម បានកម្ទេចរថក្រោះស៊ីរីមួយគ្រឿង និងរថយន្តពាសដែកមួយគ្រឿង។
យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីយោធានានា បាននិយាយប្រាប់ថា ទាហានតួកគីពីររូប បានស្លាប់បាត់បង់ជីវិតកាលពីល្ងាចថ្ងៃព្រហស្បតិ៍ នៅក្នុងការវាយប្រហារ តាមអាកាស មួយដែលបញ្ជាដោយរដ្ឋាភិបាលស៊ីរី៕ ប្រែសម្រួល៖ប៉ាង កុង

