បរទេស៖ អ៊ីស្រាអែលនិងហ្គាហ្សា បានធ្វើការបាញ់គ្រាប់រ៉ុកកែតដាក់គ្នាទៅវិញទៅមក នៅថ្ងៃអាទិត្យម្សិលមិញនេះ ក្រោយពីទាហានអ៊ីស្រាអែល បាញ់ជនជាតិប៉ាឡេស្ទីនពីរូប នៅតាមតំបន់ព្រំដែនហ្គាហ្សា នេះបើយោងតាមសេចក្តីរាយការណ៍ ពីកាសែត UPI នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

កងកម្លាំងការពារជាតិអ៊ីស្រាអែល នៅថ្ងៃអាទិត្យ បានប្រកាសថា ពួកគេបានចាប់ផ្តើមវាយប្រហារទៅលើពួកជីហាដឥស្លាមជ្រុលនិយម ទាំងនៅក្នុងតំបន់ហ្គាហ្សា និងប្រទេសស៊ីរី ដើម្បីជាការសងសឹកចំពោះហ្គាហ្សា ដែលបាញ់គ្រាប់រ៉ុកកែតជាង២០គ្រាប់ ចូលក្នុងប្រទេសអ៊ីស្រាអែល។

គួរបញ្ជាក់ថា ការបាញ់គ្រាប់មីស៊ីលដាក់គ្នានេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីកងកម្លាំងការពារជាតិអ៊ីស្រាអែល បានធ្វើការប្រកាសថា ទាហានអ៊ីស្រាអែល បានបើកការបាញ់ប្រហារទៅលើជនជាតិប៉ាឡេស្ទីនពីររូប ដែលខ្លួននិយាយថា បានធ្វើការប៉ុនប៉ងច្រើនលើកច្រើនសារ ដើម្បីដាក់គ្រាប់បែក នៅជិតរបងព្រំដែន នៅតំបន់ហ្គាហ្សាស្ទ្រីបភាគខាងត្បួង កាលពីថ្ងៃអាទិត្យ៕ ប្រែសម្រួល៖ប៉ាង កុង
